ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ការផ្សព្វផ្សាយផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

31

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា​ និងការណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿ​ន​ អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងការប្រជុំផ្សព្វផ្សាយ ស្តីអំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:​ សម្រាប់ដំណេីរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៥ នៅរាជធានីភ្នំពេញ ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍សង្ខេបជូនដល់អង្គប្រជុំ ស្តីពីផែនការការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផែនការការពារសន្តិសុខ សុវត្ថិភាព សម្រាប់ដំណេីរការបោះឆ្នោត ការឃោសនា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ។​ ក្រោយពីបញ្ចប់ការអានរបាយការណ៍ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង ទាក់ទងទងទៅនឹងផែនការទាំង២ ខាងលេីនេះផង​ដែរ​ ។

ជាកិច្ចបញ្ចប់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរ​បាលរាជធានីភ្នំពេញ​ បានណែនាំ​ដល់លោក​ លោកស្រីស្នងការរង​ទាំងអស់​ ត្រូវយកចិត្តទុកដាក់ខ្ពស់​ ក្នុងការដឹកនាំកម្លាំង​ ដេីម្បីអនុវត្តការងារឱ្យបានល្អ​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ជាពិសេសកម្លាំងចរាចរណ៍ទាំងអស់ត្រូវតែចេញ​ ជួយសម្រួលចរាចរណ៍​ ទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាច្រកចេញ ចូល រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយការកកស្ទះ និងរៀបចំកម្លាំងឱ្យបានល្អ​ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ​ កាត់សក់ខ្លី​ ជាពិសេសអនុវត្តឱ្យបាននូវសម្តី​ កាយវិការឱ្យបានសមរម្យ​ នៅពេលបំពេញតួនាទីភារកិច្ច​ ក្នុងការការពារតាមបណ្តាការិយាល័យបោះឆ្នោតទាំងអស់ក្នុងរាជធានីភ្នំពេញ​ ។ ជាមួយនោះដែរឯកឧត្តម ស្នងការ ក៏បានណែនាំដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវធ្វេីការទំនាក់ទំនង និងសហការគ្នាឲ្យបានល្អ ដេីម្បីផ្តល់ព័ត៌មានមកអ្នកនាំពាក្យ ឬក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដេីម្បីរៀបចំធ្វេីការបកស្រាយ វាយបក និងបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានជ្រាប ចំពោះជនទាំងឡាយណាដែលមានបំណងអាក្រក់ ធ្វេីការផ្សព្វផ្សាយព័ត៌មានពិត ដែលមានបំណងបង្ខូចកិត្តិយសបុគ្គល អង្គភាព ជាពិសេសញុះញង់បង្កឲ្យមានអសន្តិសុខ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង