បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥
បាត់ដំបង ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញជា
អធីបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។ វគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់អង្គភាពនាពេលចំពោះមុខ និងតទៅអនាគត។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារកសាងឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរការវគ្គហ្វឹកហ្វឺនទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងសាមគ្គីភាពសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ យោធាចារ្យ និងយោធិនទាំងអស់ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កងទ័ពជើងគោកយើង ពិតជាមានការទទួលខុសត្រូវខ្ពស់ ដោយសារយើងត្រូវបំពេញទាំងការងារស្នូលជាប្រចាំផង និងភារកិច្ចបន្តប្រយុទ្ធនឹងជំងឺរាតត្បាតផង។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្ត និងមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ដោយសារជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង (សម្រេចបានប្រមាណជិត ៩៣% ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់)។ ហើយចំពោះមុខនេះ ភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈានមកដល់ដំណាក់កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះ សូមបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕