ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ រដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ចុះអនុវត្តដីកា បង្កកទ្រព្យសម្បត្តិឈ្មួញ កែច្នៃសំណាកសត្វព្រៃ

154

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ១ក្រុម ដឹកនាំដោយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តិ របស់ឈ្មួញដែលរកស៊ីកែច្នៃសំណាកសត្វព្រៃដោយល្មើសច្បាប់ ក្រោយពីការឃាត់ខ្លួនឈ្មួញខាងលើនោះ បានម្នាក់ ហើយកម្លាំងបានដកហូតវត្ថុតាងសំណាកសត្វព្រៃកម្រច្រើនមុខ មានដូចជាភ្លុកដំរី ចែកាច់ ជាដើម នៅក្នុងផ្ទះឈ្មួញ។

ដោយនៅក្នុងខណៈនោះ អ្វីជាការកត់សម្គាល់ គឺនៅពេលអ្នកសារព័ត៌មាន បានចុះទៅថតរូបយកព័ត៌មាន ដោយខាងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជាម្ចាស់ករណីពុំបានហាមឃាត់ឡើយ និងរីករាយផ្ដល់ព័ត៌មានជូនភ្នាក់ងារ ប៉ុន្តែបែរជាលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ ហាក់មិនសប្បាយចិត្តទាល់តែសោះ ដោយពុំដឹងថា ជាអ្នកកាងបទល្មើស ឬទទួលបានផលប្រយោជន៍ ពីឈ្មួញខាងលើនោះ បែបណាទេ ស្រាប់តែនិយាយគំរាមមិនឲ្យផ្សាយព័ត៌មាននេះទៅវិញ ដោយនិយាយថា ថតបានតែហាមផ្សាយ បើហ៊ានផ្សាយ និងទទួលខុសត្រូវដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ បានឲ្យកូនចៅមកថតរូបអ្នកកាសែតវិញថែមទៀតផង ដោយពុំដឹងថាលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោរូបនោះ មានគោលបំណងអ្វីមកលើអ្នកកាសែតឡើយ។

ការចុះអនុវត្តដីការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញបទល្មើសហើយ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅធ្វើការឆែកឆេរទីតាំងខាងលើ ហើយខណៈនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ ៤២ឆ្នាំ ដែលជាឈ្មួញធ្វើពាណិជ្ជកម្មសន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ។

ចំណែកឯអ្នកពាក់ព័ន្ធ ៣នាក់ទៀតកំពុងរត់គេចខ្លួន ដែលក្នុងនោះទី១៖ ម្ចាស់គណនីធនាគារឈ្មោះ Sok Theara ស្នាក់នៅផ្ទះសិប្បកម្មឈើម្ដុំហ្រ្គែនភ្នំពេញ ជិះរថយន្តម៉ាកហ្វ័ត Piup ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ 0449 ទី២-ម្ចាស់គណនីធនាគារ ឈ្មោះ លី ហេងហួរ ស្នាក់នៅម្ដុំក្រោយវត្តនិរោធន៍ និងមានតូបលក់ដូអីវ៉ាន់ឈ្មោះ ម៉ែអាម៉ី តូបលេខ២ ផ្សារទួលទំពូង ដែលមានភ្លុកដំរីសម្រាប់លក់ឲ្យម៉ូយ និងទី៣៖ ម្ចាស់គណនីធនាគារឈ្មោះ សី ហួរ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀត ដែលដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តិលេខ៤០ អ ដ ប ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កទ្រព្យសម្បត្តិរបស់ឈ្មោះ ឡា សេងងួន ដែលក្នុងនោះ រួមមានផ្ទះ និងសម្ភារៈផ្សេងៗទៀត ហាមឲ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវផ្ទះខាងលើ គឺបានមកពីផលធ្វើពាណិជ្ជកម្ម សន្និធិកែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថាធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បទល្មើសនេះ មានចែងតាមមាត្រា៩៦ កថាខណ្ឌ១ ចំណុចទី១៧ និងចំណុចទី១៩ មាត្រា៩៨ កថាខណ្ឌ១ ចំណុចទី១២ នៃច្បាប់ស្ដីពីព្រៃឈើ និងមាត្រា២៩ថ្មី១ នៃច្បាប់វិសោធនកម្ម មាត្រ៣ មាត្រ២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០៦១/០០៦ ចុះថ្ងៃទីចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣៕

អត្ថបទដែលជាប់ទាក់ទង