ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ជូនដំណឹង ពីការកែច្នៃដំឡើងម៉ូដែលរថយន្ត ដោយគ្មានការអនុញ្ញាត

38

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការកែច្នៃដំឡើងម៉ូដែលរថយន្ត ដោយគ្មានការអនុញ្ញាត ។

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា៖ មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែលរថយន្ត ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យ ប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ ដំឡើងយានយន្ត។ ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា៖

១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាព ធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមនិងជឿជាក់ថា ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង