ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការជួសជុល ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានសម្រេចប្រមាណ៧០ភាគរយហើយ

32

សៀមរាប៖ មន្ត្រីជំនាញរបស់នាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយរហូតមកដល់ពេលនេះ។

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស ជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាតរបស់ខ្លោងទ្វារតាកាវឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ដែលខូចខាតធ្ងន់ធ្ងរ តែបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ។ ចំណែក មុខព្រហ្មខាងកើត និងខាងត្បូងកំពុងជួសជុលបន្ត។

កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសានេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារជួសជុលមុខព្រហ្មឱ្យហើយរួចរាល់ ដើម្បីឈានទៅដល់ការជួសជុលកំពូលទាំង៤របស់ខ្លោងទ្វារតាកាវដែលជាជំហានជួសជុលចុងក្រោយ។

ដោយសារអាយុកាល អាកាសធាតុ ធម្មជាតិនិងកត្តាមនុស្សបណ្តាលឱ្យបង្កាន់ដៃរបស់ខ្លោងទ្វារដែលមានរូបយក្ស និងទេវតាជាច្រើនដួលរលំហើយរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដូចជា រូបដំរីទាំង៤ និងមុខព្រហ្មជាដើមបានរងការខូចខាតខ្លាំង ដែលតម្រូវឱ្យធ្វើការជួសជុលនិងសង្គ្រោះជាចាំបាច់។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការងារជួយ សង្គ្រោះខ្លោងទ្វារតាកាវ ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះមានរយៈពេលប្រមាណ២ឆ្នាំដើម្បីអនុវត្ត ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបគម្រោងជួសជុលខ្លោងទ្វារនេះជាផ្លូវការបានចាប់ផ្ដើមឡើង៕

 

អត្ថបទដែលជាប់ទាក់ទង