ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់វិស្វករ មិនឱ្យទទួលអនុវត្ត ការងារសាងសង់ ឬរុះរើ ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

33

 

ភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតជម្រាបជូនឯកឧត្តមអគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា អំពីការហាមឃាត់វិស្វករ មិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើ ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ឯកឧត្តម ជា សុផារ៉ា សូមជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ជ្រាបថា ការអនុវត្តការងារសាងសង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់ ព្រោះថាការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួល បានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិ ស្ដីពីធ្លាត់មាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឯកឧត្តមអគ្គលេខាធិការ ណែនាំវិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ ដែលមិនទាន់ទទួល បានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង