ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំប្រជុំបែងចែក ក្រុមការងារសិក្សា ស្រាវជ្រាវ ដើម្បីលើកកម្ពស់ គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់

261

ភំ្នពេញ ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកក្រុមការងារសិក្សា ស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់។

កិច្ចប្រជុំនេះ ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហរញ្ញវត្ថុ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធាននាយកដ្ឋានបុគ្គលិក, លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍, លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋានសរុបផែនការ។

បន្ទាប់ពីក្រុមការងារបានធ្វើការលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលជាធាតុចូលដើម្បីចុះធ្វើសិក្សាស្រាវជ្រាវរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា «គោលបំណងសំខាន់ នៃកិច្ចប្រជុំបែងចែកក្រុមការងារសិក្សា ស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ គឺដើម្បីក្តាប់ពីស្ថានភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ប្រសិនបើនៅមូលដ្ឋានគ្មានរឿងអ្វីកើតឡើងនោះបានន័យថា ក្នុងមូលដ្ឋានមានសុវត្ថិភាព សន្តិសុខ ប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ជាពិសេសជឿទុកចិត្តមកលើកម្លាំងសម្ថកិច្ច ។ អីចឹងដើម្បីឲ្យមានសន្តិសុខ សុវត្ថិភាពល្អ វាទាល់តែនគរបាលប៉ុស្តិ៍រដ្ឋបាលខ្លាំង ហើយកត្តាដែលនាំឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខ្លាំង និងខ្សោយ មានកត្តា៣៖ ១-កត្តាគិតគូររៀបចំយន្តការរចនាសម្ព័ន្ធពីថ្នាក់លើ, ២-កត្តាជំរុញលើកទឹកចិត្ត និងគាំទ្រទុកចិត្តពីថ្នាក់លើ, ៣-កត្តាផ្ទាល់របស់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល។ បច្ចុប្បន្នកត្តាទាំង៣នេះ ថ្នាក់លើនៅបារម្ភថា ខ្លាចមិនទាន់បានមិនគ្រប់ជ្រុងជ្រោយ និងមិនចំគោលដៅ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ទៀតថា «ក្រុមការងារដែលបានបែងចែករួច ត្រូវចុះទៅពិនិត្យមើលស្ថានភាព ត្រូវសិក្សាស្រាវជ្រាវរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចអវិជ្ជមាន ដើម្បីឲ្យមានជាមូលដ្ឋានក្នុងការយកមកវិភាគ កំណត់ ពិចារណា និងបែងចែកប្រភេទប៉ុស្តិ៍ ដើម្បីបង្កលក្ខណសមស្របក្នុងការពង្រឹងសមត្ថភាព។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា «ដើម្បីឲ្យមានមូលដ្ឋានគតិយុត្តិ ក្រុមការងារដែលបានចុះទៅសិក្សាស្រាវជ្រាវពិនិត្យ ត្រូវធ្វើផែនការសកម្មភាព រួចវាយតម្លៃនៅមូលដ្ឋាន ហើយពេលត្រឡប់មកវិញ ត្រូវមានកំណត់ហេតុឯកភាពពីស្នងការខេត្ត អំពីស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាលដែលយើងបានចុះសិក្សាស្រាវជ្រាវ រួចលើកយកកញ្ចប់បញ្ហាមកបូកសរុប សន្និដ្ឋាន វាយតម្លៃលទ្ធផល នៃការសិក្សាស្រាវជ្រាវ ហើយត្រូវដាក់បញ្ហាទាំងអស់នេះជាកញ្ចប់ និងបែងចែកដល់ក្រុមការងារជំនាញនីមួយៗក្នុងការដោះស្រាយ និងត្រូវធ្វើរបាយការណ៍ដើម្បីជាធាតុចូលក្នុងការជួបប្រជុំម្តងទៀត» ៕

អត្ថបទដែលជាប់ទាក់ទង