ប្រព័ន្ធអង្គការសហប្រជាជាតិ ផ្ដល់ហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២១ សរុប ចំនួនប្រមាណ ៩២,១០ លានដុល្លារ និងគ្រោងប្រមាណ ៧៧ លានដុល្លារ
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារ និងការជម្រាបលារបស់ លោកស្រី ប៉ូលីន ថាមេស៊ីស ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ក្នុងឱកាសដែលលោកស្រីនឹងត្រូវបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានាខែមេសា ឆ្នាំ២០២២ នេះ ។
ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះ លោកស្រី ប៉ូលីន ថាមេស៊ីស ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យ និងបានរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ។
លោកស្រី ប៉ូលីន ថាមេស៊ីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងភាព ជាដៃគូដ៏រឹងមាំ និងជិតស្និទពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានវាយតម្ល ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍ការរីករាលដាលនៃជំងឺកូដ-១៩ ។
ក្នុងកិច្ចពិភាក្សានេះ លោកស្រី ប៉ូលីន ថា មេស៊ីស បានមានប្រសាសន៍ថាសេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្ត UNDAF ឆ្នាំ២០២១ ត្រូវបានរៀបចំរួចរាល់ និងបានស្នើសុំ គ.ជ.នា/ក.អ.ក សម្រប សម្រួលក្នុងការចែករំលែកជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ធាតុចូលបន្ថែម មុននឹងធ្វើការផ្សព្វផ្សាយ ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានធ្វើការសង្ខេបពីវឌ្ឍនភាពនៃការរៀបចំនូវការវាយតម្លៃលទ្ធផលនៃការអនុវត្ត UNDAF 2019-2023 និងឯកសារ Common Country Analysis (CCA) ដែលសិក្សាវិភាគអំពីស្ថានភាពប្រចាំប្រទេសក្នុងការឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព វឌ្ឍនភាពការងារទាំងពីរនេះ បានដំណើរការដោយរលូន និងអាចបញ្ចប់តាមការគ្រោងទុក ។ ចំពោះផែនទីចង្អុលផ្លូវក្នុងការរៀបចំក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ (United Nations Sustainable Development Cooperation Framework (UNSDCF) 2024-2028) ប្រព័ន្ធអង្គការសហប្រជាជាតិបាន ធ្វើបច្ចុប្បន្នភាព និងកែសម្រួលរួចរាល់ ។
ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់អំពីគោលជំហរយ៉ាងមុតមាំរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការងារអាទិភាពក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ក៏ដូចជា ការអនុវត្តនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមតឆ្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” តាមរយៈការធ្វើការឱ្យកាន់តែជិតស្និតជាមួយ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។
គួរបញ្ចាក់ផងដែរ ប្រព័ន្ធអង្គការសហប្រជាជាតិបានបើកផ្ដល់ហិរញ្ញប្បទានសម្រាប់ឆ្នាំ២០២១ សរុប ចំនួនប្រមាណ ៩២,១០ លានដុល្លារអាមេរិក និងគ្រោងប្រមាណ ៧៧ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដោយយោងតាម Cambodia ODA Database របស់គ.ជ.នា/ ក. អ. ក ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានថ្លែងអំណរគុណដល់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងជូនពរលោកស្រី ប៉ូលីនថាមេស៊ីស ក្នុងការបំពេញនូវបេសសកម្មថ្មី របស់ខ្លួន ។