ឯកឧត្តម ឈឹម សៅគី ចុះលើកទឹកចិត្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងកោតសរសើរ ព្រមទាំងថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សឃុំត្បែងខ្ពស់
កំពង់ឆ្នាំង៖នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកោតសរសើរ ព្រមទាំងថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សឃុំត្បែងខ្ពស់ និងសាខាបក្សភូមិទាំង៩ នៃឃុំត្បែងខ្ពស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងថវិកា កន្លងមកតាមរយៈការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម យឺន សូផល អនុប្រធានទី១ និងលោក ហេង ការ៉ូ សមាជិកក្រុមការងារ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ឈឹម សៅគី ប្រធានក្រុមការងារ បានឧបត្ថម្ភនូវអំណោយកំដរដៃដល់សមាជិកចូលរួមទាំងអស់ក្នុងម្នាក់ទទួលបានថវិកា គ្រឿងឧបភោគបរិភោគនិងសារ៉ុង ព្រមទាំងជូនពរជ័យ សិរីមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
នៅថ្ងៃដដែលនោះ ឯកឧត្តម ឈឹម សៅគី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ បានចាត់តាំងលោក ហេង ការ៉ូ ប្រធានក្រុមការងារគណបក្សចុះជួយភូមិមានកលិច និងលោកស្រី ប៉ិល ច័ន្ទធា ប្រធានក្រុមការងារចុះជួយភូមិមានកកើត ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងប្រធានក្រុមបក្សសាខាបក្សភូមិមានកលិច និងភូមិមានកកើត ឃុំត្បែងខ្ពស់ យកទេយ្យវត្ថុនិងបច្ច័យទៅប្រគេនព្រះសង្ឃនៅវត្តសិរីវង្សារាម នឹងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកនូវឱសថព្យាបាលសម្រាប់ប្រើនៅផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅប្រគល់ជូនថ្នាក់ដឹកនាំសាខាបក្សភូមិទាំងពីរ ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ៧៨៦គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាកំដរដៃដល់ថ្នាក់ដឹកនាំ ប្រធានក្រុមបក្ស គ្រូពេទ្យ ប៉ូលីស និងប្រជាការពារ នៃភូមិទាំងពីរ ចំនួន ៩០នាក់ បន្ថែមទៀតផងដែរ៕