ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

57

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គការមហាជន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងជូនពរជ័យឆ្នាំថ្មី ជូនសមាជិក សមាជិកា នៃអង្គពិធី ឱ្យមានសុខភាពល្អ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាយកឈ្នះឲ្យបាននូវការបោះឆ្នោតនាពេលខាងមុខនេះ ។

លោកស្រី បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ កម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងសកលលោក បាននិងកំពុងរងគ្រោះ ដោយការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារ ណៈ សេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសក្នុងវិស័យទេសចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ព្រមទាំងកម្មករ កម្មការិនីផងដែរ។ ហេតុនេះ សមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺដ៏កាយសា ហាវនេះ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការពារ និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោកស្រី ក៏បានសំណូមពរ ៖ ទី១.បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សត្រូវបន្តសហការជាមួយក្រុមការងារឲ្យបានកាន់តែជិតស្និទ្ធ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធ ភាពខ្ពស់ ជាពិសេសសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត “សមាជិកគណបក្សមួយរូប គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក” ។ ទី២. បន្តការចុះជួបជាមួយសមាជិក សមាជិកា និងមហាជនឱ្យបានជាប់ជាប្រចាំ និងដូចភ្លៀមរលឹម ដើម្បីស្វែងយល់ពីស្ថានភាព តម្រូវការ និងជួយដោះស្រាយបញ្ហានានា ព្រមទាំងតាមដាន និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះការវាយប្រហារ ឬបាតុភាពនានា ដែលជិះឥទ្ធិពលដល់សតិអារម្មណ៍មហាជន។
ទី៣. កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ ថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ ទី៤. រចនាសម្ព័ន្ធគណក្សគ្រប់ថ្នាក់ អាជ្ញាធរ បេក្ខជនក្រុមប្រឹក្សា ក្រុមការ ងារ មន្រ្តីបក្សទាំងអស់ សូមកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទីតាំងដែលខ្លួនបំពេញតួនាទីនៅតាមភូមិ ឃុំនីមួយៗ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង