ធនាគារជាតិ ប្រកាសថា ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល បានឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១
ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២២នេះ បានឲ្យដឹងថា ធនបត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល ដែលរាជរដ្ឋាភិបាលបាន អនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជាបោះពុម្ព និងដាក់ឱ្យធ្វើចរាចរ ដើម្បីអបអរសាទរ ព្រះរាជពិធីគម្រប់ខួប ១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិ របស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឈ្នះពានរង្វាន់ ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩។
ការសម្រេចផ្តល់ពានរង្វាន់ដល់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀលនេះ ដោយសារបច្ចេកទេស នៃការផលិតធនបត្រ របស់ធនាគារជាតិ នៃកម្ពុជា មានលក្ខណៈទំនើប និងប្រកបដោយ សុវត្ថិភាពខ្ពស់ ក្នុងការកាពារការក្លែងបន្លំ។
បន្ទាប់ពីមានការបើកប្រទេសនិងការសម្រួលលក្ខខណ្ឌ ការធ្វើដំណើរមក ប្រទេសកម្ពុជា កាលពីថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Riccio អនុប្រធានក្រុមហ៊ុន នៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ ពានរង្វាន់ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaissance ផងដែរ។
គួរបញ្ជាក់ថា ស្ថាប័នអន្តរជាតិ Reconnaissance គឺជាស្ថាប័នអន្តរជាតិ ឈានមុខគេ លើពិភពលោក ផ្នែកឧស្សាហកម្មធនបត្រ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស៕