សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។ នេះបើតាសារលិខិតរបស់សម្តេចតេជោ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។
ក្នុងសារលិខិតសម្តេចតេជោ សូមចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែល កំពុងរស់នៅក្នុងនិងក្រៅប្រទេស ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តម ក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែល កំពុងរស់នៅក្នុងនិងក្រៅប្រទេស ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្ដី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណ៏ជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ឆ្នាំនេះ ជាឆ្នាំទី៤នៃអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលបានខិតខំបន្តអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើន ប្រកបដោយមោទនភាព។
រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ទ្វេដងក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុង ការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់ការដ្ឋានឱ្យមានលក្ខណៈស៊ីជម្រៅជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយ ម្យ៉ាង ព្រមទាំងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មនិងបរិស្ថានវិនិយោគ សម្រាប់ទាក់ទាញ បន្ថែមនូវការវិនិយោគនិងធុរកិច្ច។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ ជាពិសេសសមត្ថភាពស្ថាប័នសាធារណៈនិងអភិបាលកិច្ចឱ្យកាន់តែរឹងមាំ មានភាពឆ្លើយតបបកបដោយ ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព និងមានភាពធន់ខ្ពស់ទៅនឹងវិបត្តិនានា។
ឆ្នាំចាស់ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ការពារដាច់ខាតនូវ ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និង អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជន កម្ពុជា ដែលកំពុងសស្រាក់សម្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។
ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដា ប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ញ សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់ កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើន ប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានប្រមាណជាង១៧ ៦៨២លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិ ផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់២១,៦ប៊ីលានដុល្លារ អាមេរិក។ រាជរដ្ឋាភិបាលបានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួល ពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗ នេះនឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។
ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី១ ៦៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ដល់ប្រមាណ១ ៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ។
ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់និងស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។ រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវ ខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្ដែង ក្នុងឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ៣ មានប្រវែង១៣៤គ.ម. ផ្លូវជាតិលេខ៣ ពីរង្វង់មូលខេត្តកំពតទៅដល់វាលរេញ ខេត្តព្រះសីហនុ មានប្រវែង៣៤គ.ម. ផ្លូវជាតិលេខ៥ ភាគខាងជើងមាន ប្រវែង៨៤គ.ម. ផ្លូវ៣៤ខ្សែ មានប្រវែង៨២គ.ម. នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ពានមិត្តភាពកម្ពុជា ចិនស្ទឹងត្រង់ ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យមានប្រវែង១ ១៣១ម. និងស្ពាន៧កន្លែង នៅខេត្តក្រចេះនិងខេត្ត ព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្លូវ៣៨ខ្សែ មានប្រវែង ១០៨គ.ម. នៅក្រុងសៀមរាប ខេត្តសៀមរាប និងបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្ដោយផ្លូវជាតិ លេខ៥ មានប្រវែង៤៨៣ម. ព្រមទាំងលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គ.ម.។
ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២១កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់ អគ្គិសនីក្នុងស្រុកផ្ទាល់របស់កម្ពុជា សម្រេចបានជាង៩ ៧០៩លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុនដែលមាន ជាង៨ ៦១៤លានគីឡូវ៉ាត់ម៉ោង កើនឡើង៧,៨៦%។ ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នក ប្រើប្រាស់ថាមពលអគ្គិសនីតាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២១នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើន ដល់ប្រមាណ៣,១២លានខ្នងផ្ទះ ត្រូវជាប្រមាណ៨៦,៤៣% នៃចំនួនផ្ទះសរុបប្រមាណ៣,៦១លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៥៣% នៃភូមិសរុប១៤ ១៦៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ កន្លងទៅនេះ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បរិមាណផលិតផលស្រូវ រដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១២លានតោន ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង
៦,៩៤លានតោន គិតជាអង្ករស្មើនឹង៤,៤៤លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦១ម៉ឺនតោន ទៅកាន់ទិសដៅ៥៤ប្រទេស។ រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លង កូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង ១ ៨៧៩រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ២៥៨មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង១,៤ លាននាក់។ ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារកំពុង ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយធ្វើឱ្យបងប្អូនមានលំនឹង ជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាលជំនាញ រយៈពេលខ្លី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គមនិងគាំពារសង្គម ទាំងឡាយ ដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ទេ ដូចជាការឧបត្ថម្ភ សាច់ប្រាក់ប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយខែ ជូនដល់៧០ម៉ឺនគ្រួសារក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភ សាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការឧបត្ថម្ភសាច់ប្រាក់ជូន។
ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានសម្របសម្រួល ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរនៅបរទេស ចំនួន៨ ៣៧០នាក់(ស្រី៣ ៦០៦នាក់)។ វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ៣៩២អគារ ចាប់ ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួន។
ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួន២០ម៉ឺននាក់ ថយចុះប្រមាណ៨៥% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៤,៦៦លាននាក់ ថយចុះប្រមាណ៣៥,៥០% បើធៀបនឹងឆ្នាំ២០២០។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ១៨៤លានដុល្លារអាម៉េរិក ហើយចំណូលពីការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង៥២ម៉ឺនដុល្លារអាមេរិក និងមានភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាប្រមាណជាង១ម៉ឺននាក់។
ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ដែលបានធ្លាក់ចុះនាពេលកន្លងមកដោយសារវិបត្តិនៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច ១- លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ២- លុបចោល ការតម្រូវឱ្យធ្វើតេស្ដរហ័សនៅពេលមកដល់កម្ពុជា និង៣- អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ ទិដ្ឋាការពេលមកដល់(Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា មានជាអាទិ៍ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដោយបានផ្ដោតលើទិដ្ឋភាពសំខាន់ៗ រួមមានកិច្ច ខិតខំប្រឹងប្រែងស្ដារកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការពង្រឹងពហុភាគីនិយម ការប្រែប្រួលអាកាសធាតុ ការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ការធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣(ASEM13) និងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កិច្ចប្រជុំ មហាអនុតំបន់មេគង្គលើកទី៧ ក្រោមមូលបទ«មហាអនុតំបន់មេគង្គ : ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹង បញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រគល់ ញញួរប្រធានអាស៊ានជូនដល់ទូលព្រះបង្គំជាខ្ញុំសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានផ្លាស់វេននៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ចិន កិច្ចប្រជុំសន្និបាតលើកទី៧៧នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក(77th UN-ESCAP) ក្រោមមូលបទ«ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការ តំបន់ នៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក»។
គិតចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២១ គឺជាឆ្នាំទី១៥ ដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ជូន កម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការ សហប្រជាជាតិសរុប៧ ៨៩៩នាក់(ស្រី៥២៨នាក់) មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋ ស៊ូដង់ សាធារណរដ្ឋលីបង់ សាធារណរដ្ឋឆាដ សាធារណរដ្ឋស៊ីប សាធារណរដ្ឋស៊ីរី សាធារណរដ្ឋម៉ាលី សាធារណរដ្ឋយេម៉ែន និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
ព្រះរាជាណាចក្រកម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងផលប៉ះពាល់ ជាសាកលពីជំងឺកូវីដ-១៩។ ក្នុងរយៈពេលនោះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការនិងគ្រប់គ្រងបាននូវ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។
រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រនិងវិធានការជាច្រើនប្រកបដោយភាពជាក់ស្តែងក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាជន។ លើសពីនេះទៀត ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដាច់ណាត់ និងទាន់ពេលវេលា ក្នុងការទិញនិងការទទួលបាននូវវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនតាមអភិក្រមផ្ការីក។ មកដល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ ថយចុះមកក្នុងកម្រិតទាប ហើយ បង្កើតបានភាពស៊ាំក្នុងសង្គម ដែលរាជរដ្ឋាភិបាលអាចប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។ បច្ចុប្បន្នស្ថានភាពទូទៅកាន់តែបានល្អប្រសើរឡើងដែល ឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និង បានផ្តល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២២ នេះ។ ប៉ុន្តែ ទោះបីជាដូច្នេះក្តី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញនិងការ អនុវត្តវិធានការ ៣ការពារ និង៣កុំ។
ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២១ អ្នកដែលមានអាយុលើសពី១៨ឆ្នាំ បានទទួលការចាក់ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សរុបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានចំនួន១០ ២២២.៨៥២នាក់ (ស្រី៥ ១៧៧ ៦០១នាក់) នៃផែនការ១០លាននាក់។ ការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិង យុវជនអាយុ១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំ សរុបទូទាំងប្រទេសបានចំនួន១ ៨១១ ៩៥៣នាក់(ស្រី៨៩៥ ៥៩៤ នាក់) នៃផែនការប្រមាណ២លាននាក់។ ការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់ ក្រោមអាយុ១២ឆ្នាំសរុបទូទាំងប្រទេសបានចំនួន១ ៩៩៦ ៧៤៨នាក់(ស្រី៩៨២ ៩១៨នាក់) នៃផែនការ ប្រមាណ២លាននាក់។ ការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំសរុបទូទាំងប្រទេស បានចំនួន៣០៣ ៧៦២នាក់(ស្រី១៥៣ ០១១នាក់) នៃផែនការប្រមាណ៣សែននាក់។ លទ្ធផលសរុប ការទទួលចាក់វ៉ាក់សាំងធៀបនឹងប្រជាជនចំនួន១៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៤ ៣៣៥ ៣១៥នាក់(ស្រី៧ ២០៩ ១២៤នាក់)ស្មើនឹង៨៩,១៤%។
រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានធ្វើអំណោយវ៉ាក់សាំង សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ មធ្យោបាយ ដឹកជញ្ជូន និងថវិកាជូនប្រទេសជាមិត្តមួយចំនួនដែលជាការជួយគ្នាក្នុងគ្រាអាសន្ន ក្នុងស្មារតីរួបរួមគ្នាដើម្បី ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
ទោះបីស្ថិតក្នុងដំណាក់កាលមានការរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បានរៀបចំធ្វើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនោះ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានបេក្ខជនសរុប១៤៥ ៦៦៨នាក់(ស្រី៧៩ ០៥៦នាក់) បេក្ខជនប្រឡងជាប់ មាន១៤១ ០៥៦នាក់ ស្មើនឹង៩៥,៩៧%(ស្រី៧៧ ៤៩៥នាក់ ស្មើនឹង៩៧,២៩%) និងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ មានបេក្ខជនសរុបមាន១១៤ ១៨៧នាក់ បេក្ខជនប្រឡងជាប់មាន៧២០១៦នាក់ ស្មើនឹង ៦៥,៦៥% និងបេក្ខជននិទ្ទេសA មាន១ ៧៥៣នាក់។
រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និសិ្សត សិស្សានុសិស្ស និង ប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដគូ អភិវឌ្ឍ និងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជា រដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការអំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ហើយដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបាន គ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនានៃមាតុភូមិអង្គរដ៏បវរនៃយើង។
សម្រាប់ឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្ត យ៉ាងមោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងមូល សម្រេចបាននាពេលកន្លងមកឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញ បានឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រមទាំងប្រាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការអភិវឌ្ឍធនធានមនុស្ស ការ កែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្ម ទី៤ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវា សុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនីបន្តពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីឱ្យបានគ្របដណ្តប់នៅទូទាំងប្រទេស ជាពិសេសនៅតាម ប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជួន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់ តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ ជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារ បានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលនៅឆ្នាំថ្មី២០២២នេះ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាងនិង ការពារមាតុភូមិជាទីស្នេហានៃយើង និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បី អភិវឌ្ឍជាតិនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាន និងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦នេះ ទូលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលព្រមទាំង មន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមលំឱនកាយ វាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាជនខ្មែរ ជាកូន ចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនព្រះពរចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះ សង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មាន ព្រះសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទ ក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។
សូមជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាននិងកំពុងរួមចំណែកការពារបូរណភាពទឹកដីនិងថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗសិស្សានុសិស្ស និសិ្សត យុវជន យុវនារី កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដី កម្ពុជា សូមទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែរក្សាប្រជាជនខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមឱ្យរួចផុតពីជំងឺ កូវីដ-១៩នេះ។
សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរ ជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ៕