រដ្ឋបាលខណ្ឌបឹងកេងកង ចុះផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះរដ្ឋបាលខណ្ឌបឹងកេងកង គឺលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង តំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយបានចូលរួមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ដោយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល នៅបរិវេណជុំវិញផ្សារអូឡាំពិក ក្នុងមូលដ្ឋានសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់លោក សោម ចន្រ្តា នាយករងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានលើកឡើងថា គោលបំណងនៃការចុះអប់រំដោយផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសពីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះពោលគឺឆ្នាំខាល ដើម្បីក្រេីនរំលឹក ទៅដល់បងប្អូនប្រជាជនយើងទូទៅអោយមានការយល់ដឹងកាន់តែច្បាស់លាស់បន្ថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅពេលធ្វើដំណើរតាមមធ្យោបាយនានានិងថ្មើរជើងពោលគឺសុវត្ថិភាពជាចម្បងនិងការមិនប្រព្រឹត្តនូវឥរិយាបទដែលនាំឱ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរតាមដងវិថីឬតាមដងផ្លូវនានា ក្នុងនោះរួមមានទាំងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ផងដែរដែលជាមូលហេតុដ៏ធំមួយបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុជាហូហែររហូតដល់មានការបាត់បង់អាយុជីវិតនិងខូចខាតនូវទ្រព្យសម្បត្តិ។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកង បានក្រែនរំលឹកទៀតថា ដោយស្នើដល់បងប្អូនប្រជាជនត្រូវតែ គោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរយានយន្តគ្រប់ប្រភេទតាមដងវិថីឬដងផ្លូវនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺសុវត្ថិភាពជាចម្បង។
ឆ្លៀតក្នុងឱកាសនោះលោកស្រីសុិន រតនា បានមានមតិដោយក្រើនរំលឹកអោយ បងប្អូនប្រជាជនបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តនអោយបាន ខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នា ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕