ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»

866

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»។

នាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២, ដោយទទួលបាននូវការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» តាមប្រព័ន្ធវីដេអូ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, រដ្ឋបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ។

ទោះបីជាមានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុងនូវរចនាសម្ព័ន្ធវិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយសារវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្ត និងបានត្រៀមខ្លួន ក្នុងការគាំទ្រដល់វិស័យនេះ ទោះបីជាត្រូវប្រឈមនឹងអ្វីមួយក៏ដោយ ។ ជាក់ស្តែង, កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កម្ពុជាបានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរបរទេសដែលបានចាក់ វ៉ាក់សាំងពេញលេញ ក្នុងគោលបំណងនៃការបើកប្រទេស និងវិស័យទេសចរណ៍ពេញលេញឡើងវិញ ។ រាជរដ្ឋាភិបាលក៏បានប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាព សម្រាប់ការស្ដារ និងការកែលម្អរចនា សម្ព័ន្ធចាំបាច់នានា សំដៅគាំទ្រដល់កិច្ចដំណើរឡើងវិញនៃវិស័យនេះ ។ តួយ៉ាង រាជរដ្ឋាភិបាលបានកសាង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើន ដូចជា ការសាងសង់ផ្លូវថ្នល់នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប និងការ បញ្ចប់ការសាងសង់ផ្លូវជាតិលេខ ៣ និងកំណាត់ខ្លះនៃផ្លូវជាតិលេខ ៧ ជាដើម ។ ជាមួយគ្នានេះ, «ផែនការម អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នឹងចូលរួមជាមួយឯកសារយុទ្ធសាស្ត្រ សម្រាប់ អភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេសដទៃទៀត ដែលបានដាក់ចេញនាពេលកន្លងមក សំដៅ ជំរុញការងើបឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ននៃវិស័យនេះ ។

“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» ត្រូវបានរៀបចំឡើង ដោយបាន រាប់បញ្ចូលនូវសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់ខេត្តមណ្ឌលគិរី នៅក្នុងការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាពិសេស ប្រភេទអេកូទេសចរណ៍, ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ។ លើសពីនេះ, ការកំណត់តំបន់អាទិភាពសំខាន់ៗ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងផែនការមេនេះ នឹងជំរុញឱ្យខេត្តមណ្ឌលគិរីអាចប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលទាំងនេះ បាន ប្រកបដោយប្រសិទ្ធភាព តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ព្រមទាំងការផ្សារភ្ជាប់ជាមួយនឹងពហុវិស័យដទៃទៀត ដូចជាវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា, បន្លែ, ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា ដូចជាដំណាំកាហ្វេ ជាដើម ។

ភាពជោគជ័យនៃការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នេះ អាស្រ័យលើការចូលរួម និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាពជាដៃគូរវាង “រដ្ឋ ឯកជន និងប្រជាពលរដ្ឋ” ។ រាជរដ្ឋាភិបាលមានសុទិដ្ឋិនិយមថា ការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយតុល្យភាពជាមួយការអភិរក្សអត្តសញ្ញាណដើមរបស់ខេត្តទៅតាមផែនការមេនេះ និងការចូលរួម របស់ប្រជាជនគ្រប់រូបនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ចំពោះបរិស្ថាន, ធនធានធម្មជាតិ និងបេតិកភ័ណ្ឌ វប្បធម៌នៅក្នុងខេត្តមណ្ឌលគិរី នឹងអនុញ្ញាតឱ្យខេត្តមណ្ឌលគិរី ដែលជាស្នូលនៃតំបន់ភូមិភាគឦសាន អភិវឌ្ឍក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

 

អត្ថបទដែលជាប់ទាក់ទង