ក្រសួងសាធារណការ ត្រៀមកែលម្អប្រព័ន្ធភ័ស្តុភារកម្ម នៅកម្ពុជា ដំណាក់កាលទី២ និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែលើកទី៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីគម្រោងកែលម្អប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ កាលពីថ្ងៃ៣រោច ខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃអង្គារ៏ទី១៩ ខែមេសា ឆ្នាំ២០២២នៅទីស្តីការក្រសួង ដោយមានការចូលរួមពីក្រុមការងារគម្រោង និងជំនាញ ការ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅ សកម្មភាពដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ សំណូមពរ និងបញ្ហាប្រឈមនានា ដែលត្រូវពិភាក្សាជាមួយក្រុមការងារ PMU លើវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ វិស័យភ័ស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។
នៅក្នុងឱកាសនោះលោកស្រី រដ្ឋលេខាធិ ការ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង(PMU) ដែលបានសម្រេចលទ្ធផលការងារជាវិជ្ជមាន ក្នុងការរៀបចំតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ភុភារកម្ម ការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន បានឆាប់រហ័សគ្មានការកកស្ទះ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងសកម្មភាពការងាររបស់ក្រុមការងារភ័ស្តុភារកម្ម បៃតង ក្រុមការងារមជ្ឈមណ្ឌលភ័ស្តុភារកម្មតំបន់ ក្រុមការងារខ្សែសង្វាក់ត្រជាក់ ក្រុមការងារទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ ក្រុមការងារតាមដាន និងវាយតម្លៃ និងក្រុមការងារការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ៕ សំរិត