គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ
គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១) ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២) លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម, និង ៣) ចែករំលែកគំនិត និងទស្សន វិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលានឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច ដោយមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារនិងមិនមែនធនាគារ, សមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ព្រមជាមួយនឹងការចួលរួមនៅលើកម្មវិធី Zoom ទៀតផង។ លើសពីនេះ សិក្ខាសាលាក៏នឹងមានការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុកនិង Telegram ផ្លូវការរបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជូនដល់សាធារណជនផងដែរ៕