ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ជុំវិញវត្តភ្នំ តំបន់មួយចំនួននៅទួលគោក នឹងលែងលិចលង់ទៀតហើយ ក្រោយពីគម្រោងការពារទឹកជំនន់ ជំហានទី៤ របស់ជប៉ុនដាក់អោយដំណើរការ

103

 

ភ្នំពេញ៖ ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ផ្លូវលេខ ៥៩៦ ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៥ ផ្លូវលេខ ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប…មិនលិចលង់ទៀតទេ ក្រោយពីសមិទ្ឋផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានដាក់អោយដំណើរការជាបណ្តោះអាសន្ន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ សមិទ្ឋផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ជំហានទី៤ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០មេសាឆ្នាំ២០២២នេះ ។

គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣.៦៨០.៦០៨.០០០យ៉េនជប៉ុន ត្រូវជាប្រមាណ ៣៦លានដុល្លាអាមេរិក ។

ការងាររួមមាន;
១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង ១២.៦គម
២-សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣.៥ម ជម្រៅ ៤ម មានសមត្ថភាពស្តុកទឹកបាន ៦៥០០ម៉ែត្រគូប និងសង់ស្ថានីយ៍បូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។
៣-បំពាក់ម៉ាសុីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។

៤-ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។
លោកបញ្ជាក់ថា៖ តាមរយៈនៃការដាក់អោយដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា វិច្ឆិកាឆ្នាំ២០២១កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មម
ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ផ្លូវលេខ ៥៩៦ ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៥ ផ្លូវលេខ ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប…មិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មមក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង