ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនមិនស្គាល់មុខ បានយកក្បាលវីសដែលដាក់ពង្រាយ នៅតាមដងផ្លូវជាតិ បង្កឱ្យមុតកង់រថយន្ត

66

 

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២នេះ បន្ទាប់ពីមានឃើញនូវការផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Loeum To ថាមានជនមិនស្គាល់មុខ បានយកក្បាលវីសដែលដាក់ពង្រាយ នៅតាមដងផ្លូវជាតិចំណុចចន្លោះភូមិព្រៃតូច និងភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាហេតុនាំបង្កឱ្យមុតកង់រថយន្តរបស់គាត់ជាច្រើនកន្លែង ក្នុងខណៈដែលគាត់ធ្វើដំណើរឆ្លងកាត់ចំណុចនោះនាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២។

ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋានឱ្យធ្វើការទំនាក់ទំនងជាបន្ទាន់ទៅ អធិការនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ឱ្យចុះធ្វើការ ស្រាវជ្រាវជាបន្ទាន់នៅចំណុចកើតហេតុខាងលើ ។

ឆ្លងតាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលស្រុកបានពិនិត្យនិងរកឃើញ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 262-263 ក្នុងភូមិកូនខ្លុង ឃុំព្រៃតូច បានរកឃើញ វីសដែកសរុបចំនួន៩៣គ្រាប់ (វីសពណ៌សចំនួន ៦៧ គ្រាប់ និង វីសពណ៌ក្រហម ចំនួន២៦គ្រាប់) ដែលនៅរាយប៉ាយលើផ្លូវជាតិ និងលើចិញ្ចើមផ្លូវ។

តាមការពិនិត្យជាក់ស្តែង វីសទាំងអស់នេះ គឺមានស្ថានភាពដែកវីសថ្មី អាចជាករណីដែលអ្នកធ្វើដំណើរជ្រុះធ្លាក់ នៅទីនោះ ឬក៏អាចជាចេតនារបស់ជនណាមួយបោះចោលរាយប៉ាយ ដើម្បីនាំបង្កឱ្យមានការមុតធ្លាយមធ្យោ បាយធ្វើដំណើរឆ្លងកាត់ចំណុចនេះ ក្នុងគោលបំណងណាមួយ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តម្រូវឱ្យអធិការនគរបាលស្រុកមោងឫស្សី ធ្វើការស្រាវជ្រាវស្វែងរកការពិតក្នុងករណីនេះ ប្រសិនបើរកឃើញថា ករណីនេះ ជាចេតនាទុច្ចរិតរបស់ជនណាមួយនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាព បែបនេះលើជននោះ ។

ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអរគុណចំពោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្សព្វផ្សាយនូវព័ត៌មាននេះ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកការពិត ហើយសូមអរគុណចំពោះមហាជនទូទៅ ដែលតែងតែចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល ក្នុងការជួយផ្តល់នូវព័ត៌មាននានា ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង