ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជួប ឯកអគ្គរដ្ឋទូតវៀតណាម សម្តែងការគួរសម និងពិភាក្សាការងារ

1,137

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម Nguye Huy Tang ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួងផែនការ។

ក្នុងជំនួបសម្តែងការគួរសម ភាគីទាំងពីរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ ហើយនិយាយដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងផែនការ និងវិនិយោគនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសហការគ្នា ផ្លាស់ប្តូរទស្សនៈកិច្ចផ្លូវការ និងការសិក្សារៀនសូត្រ មានយូរឆ្នាំមកហើយ ជាពិសេសការដំណាក់កាលថ្មីនេះ ភាគីយើងទាំងពីរបានកំពុងតែរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដល់ឆ្នាំ២០៣០ ឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២២ ក្រោមការប្រគល់ភារកិច្ចពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ។

ឯកឧត្តមអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលជាច្រើន ដែលប្រជាជន និងរដ្ឋាភិបាលកម្ពុជា សម្រេចបាន ចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ហើយក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ ជាសកលនេះទៀតសោត កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ គ្រប់គ្រងសភាពការណ៍ទប់ស្កាត់បាននូវការរីករាលដាល ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ថ្មីៗនេះ បានបើកដំណើរការប្រទេសឡើងវិញ ដំណើរការវិស័យសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍ បានគួរជាទីមោទនៈ។

ឯកឧត្តមអគ្គរដ្ឋទូត បានស្នើឱ្យមានទស្សនៈកិច្ចផ្លូវការឡើងវិញ បន្ទាប់ពីការរីករាលជំងឺកូវីដ១៩ បានធូរស្រាល រវាងក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងផែនការ និងវិនិយោគនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការថ្មីរវាងក្រសួងផែនការនៃប្រទេសទាំងពីរ ជាពិសេសបញ្ចប់នូវសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។ ក្នុងនោះដែរ ឯកឧត្តមក៏បានស្នើឱ្យមានការគាំទ្រដល់ធុរកិច្ចជនរបស់ជំរុញការវិនិយោគ លើវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ ការរីកចម្រើនរបស់កម្ពុជា និងក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រជំនួយ បច្ចេកទេសពីសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ យើងនឹងធ្វើការពង្រឹងពង្រីកសហប្រតិបត្តិការរវាងក្រសួងទាំងពីរ បញ្ចប់សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដើម្បីឈានទៅអនុវត្តសកម្មភាពនៃផែនការទាំងនេះ ដែលជាផ្នែកមួយនៃការអនុវត្តឱ្យសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដើម្បីប្រទេសកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

អត្ថបទដែលជាប់ទាក់ទង