ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយឯកឧត្តម Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ អំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា-ថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

354

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញរបស់ភាគីទាំងពីរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌតំបន់។

ថ្លែងទៅកាន់ភាគីថៃនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំងពីរ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីថៃថា៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ទៅលើកែលម្អប្រព័ន្ធផ្លូវដែកកម្ពុជា ដោយបច្ចុប្បន្ននេះកម្ពុជាកំពុងតែដំណើរការការសិក្សាសមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា ហើយការសិក្សានេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីថៃផងដែរនូវបច្ចុប្បន្នភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្តរបស់កម្ពុជា ដែលរួមមាន៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៤ បង្កើតបានជាអាស៊ានហាយវ៉េលេខ១ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុង គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ បង្កើតបានជាអាស៊ានហាយវ៉េលេខ១១ តភ្ជាប់ពីប្រទេសឡាវតាមរយៈផ្លូវជាតិលេខ៧ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយឈរលើគោលការណ៍ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងគេនៅកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើងលេខ៦៧ ពីភ្នំពេញទៅអន្លង់វែង និងតភ្ជាប់ទៅកាន់ប្រទេសថៃ ក្នុងគោលបំណងដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីថៃ ដែលបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជា។

គួរកត់សម្គាល់ថា៖ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សារកវិធីសាស្រ្តជំរុញការអនុវត្តគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងដាក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះឱ្យបានឆាប់ប្រកបដោយប្រសិទ្ធភាពសំដៅសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍធនធានមនុស្ស ដោយភាគីថៃបានសម្តែងការគាំទ្រដល់ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមានបំណងគាំទ្រការបណ្តុះបណ្តាលទៅតាមសំណើរបស់វិទ្យាស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង