ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមក ដល់កម្ពុជាហើយ សម្រាប់ការបំពេញ ទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នារាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
នៅថ្ងៃនេះ ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា៖
– ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
– ចូលជួបសវនាការ និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
– ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ៕