ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថ បង្រ្កាបបទល្មើសនេសាទ និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

196


បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចបឹងព្រៃសំបុកសត្វ និងបឹងតាត្រាំ ស្ថិតក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយឃាត់ខ្លួនម្ចាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ៥នាក់មកណែនាំ និងសាច់អួនជាង ៣.០០០ម៉ែត្រ និងបង្គោលឫស្សីជាង ២.០០០ដើម ត្រូវដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង។

ដោយមានការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មាន និងសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ព្រមទាំងមន្ត្រីរដ្ឋបាលជលផលស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរបឹងទន្លេសាប បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចបឹងព្រៃសំបុកសត្វ និងបឹងតាត្រាំ ស្ថិតក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយឃាត់ខ្លួនម្ចាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ៥នាក់មកណែនាំមាន៖ ១.ឈ្មោះ ទុយ ទ្រី ភេទប្រុស អាយុ ២២ឆ្នាំ, ២.ឈ្មោះ ផុក ប៊ូ ភេទប្រុស អាយុ ៣២ឆ្នាំ, ៣.ឈ្មោះ យឹម ជុន ភេទប្រុស អាយុ ៥៣ឆ្នាំ, ៤.ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ និង៥.ឈ្មោះ ដេត ដា ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំង៥នាក់ខាងលើរស់នៅភូមិ/ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបងរួមទាំងរឹបអូសបានវត្ថុតាងបរចាប់ត្រីចំនួន៥, សាច់អួនជាង ៣.០០០ម៉ែត្រ និងបង្គោលឫស្សីជាង ២.០០០ដើម។ ក្នុងពេលប្រតិបត្តិការ កម្លាំងចម្រុះ បានឯកភាពព្រលែងផលត្រីចម្រុះជិត ២០០គីឡូក្រាម នៅចំណុចបង្រ្កាបតែម្តង ។ ចំណែកឧបករណ៍ ដែលបង្ក្រាបបាន ត្រូវបានសមត្តកិច្ចចម្រុះ ដុតបំផ្លាញចោលនៅកន្លែងជាក់ស្តែង។

ក្រោយពេលដែលបង្ក្រាបបទល្មើសខាងលើហើយ លោកបានណែនាំអប់រំដល់ប្រជានេសាទនៅក្នុងតំបន់ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវ ដែលអាជ្ញាធរហាមឃាត់ គឺចាប់ពីខែមិថុនា ដល់ខែតុលា ដែលជាការចូលរួមថែរក្សាធនធានមច្ឆាជាតិទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង