ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់សាធារណរដ្ឋអ៊ីតាលី

58

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid-19 ជាង ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គាឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៉ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា, វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន, ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជា, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាក់ស្ដែង, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ, កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅទ្វារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ទិសដៅទៅមុខ, ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាសូមសម្ដែងនូវអំណរគុណដល់រដ្ឋាភិបាលអ៊ីតាលី ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាក់ស្តែង , កម្ពុជាសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទ ចំពោះការបង្កើត ស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជានៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ច អ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក៏សូមវាយតម្លខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន ។ ក្នុងនាមប្រធាន អាស៊ាននៅក្នុងឆ្នាំ ២០២២, កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឱ្យកាន់តែមានភាព រឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៊ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរ កិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវតែម្តង ដោយកម្ពុជានៅសល់មនុស្សប្រមាណ៦លាននាក់ទៀត ដែលមិនទាន់ចាក់ដូសទី៣ នៅឡើយ ខណៈពលរដ្ឋជាង១លាននាក់បានចាក់ដូសទី៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងចង់ដកការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះនឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ មុនីរ័ត្ន និង លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំ។ សម្តេចចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ប៉ុន្តែមើលឱ្យឃើញផងដែរនូវសេដ្ឋកិច្ចសង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ។

សម្តេចតេជោ ហ៊ុន សែន រង់ចាំកិច្ចប្រជុំរវាង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និង លោក ម៉ម ប៊ុនហេង ដើម្បីដកចេញកាតព្វកិច្ចសុខាភិបាលក្នុងខេត្ត ឬតំបន់មួយចំនួន ប៉ុន្តែការដកចេញនេះ នឹងទុកឱ្យពលរដ្ឋជាអ្នកជ្រើសរើសថាត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលយើងចង់បាននៅពេលនេះ គឺការចាក់វ៉ាក់សាំងដូសជំរុញដូសទី៣ និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ ដែលដូសទី៣ បានក្លាយទៅជាកាតព្វកិច្ចដែលត្រូវឱ្យចាក់ឱ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃខាងមុខ យើងនឹងដកចេញនូវវិធានការពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្តែរក្សាគម្លាត និងលាងដៃ ដែលសម្តេចបានព្យាករណ៍ថា ការពាក់ម៉ាស់ធ្វើឱ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលមិនទាន់បានចាក់ដូសទី៣ ប្រញាប់ទៅចាក់បាននៅគ្រប់កន្លែង មិនថាចាក់ដូសទី២ នៅកន្លែងណានោះទេ ប៉ុន្តែអាចចាក់ដូសទី៣ នៅកន្លែងដែលងាយស្រួលសម្រាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃនេះកម្ពុជាមានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបណាស់ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំគឺនៅក្រោម២០នាក់រហូតមក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា អត្រាឆ្លង និងស្លាប់ទាបនៅកម្ពុជានាពេលនេះ ដោយសារភាពស៊ាំសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងដល់ពលរដ្ឋកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកដល់ជាបន្តបន្ទាប់ ដែលយើងនៅសល់វ៉ាក់សាំងជាង២០លានដូសថែមទៀត ដែលជាការសន្យារបស់មិត្តយើង បញ្ជូនមកកម្ពុជាខាងមុខនេះ ខណៈដែលនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង១១លានដូស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំនេះដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន-អឺរ៉ុប ក៏ដូចជាកម្ពុជា-អ៉ីតាលី និងអាស៊ានជាមួយនឹងអ៉ីតាលីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង