បុរស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ករណីរថយន្តកូរ៉េដឹកត្រី បើកគេចរថយន្តបែនដឹកដី បុកបង្គោលភ្លើង
ភ្នំពេញ ៖ ព័ត៌មានបឋម បានឲ្យដឹងថា រថយន្តកូរ៉េដឹកត្រី បើកបរក្នុងល្បឿនលឿនគេចពីរថយន្តដឹកដី បួងចង្កូតបុកបង្គោលភ្លើងបាក់មួយដើម ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរស២នាក់ស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ នៅវេលាម៉ោង៣រសៀលថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១B ក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងព្រូ ៣នាក់ទៀត បានបើករថយន្តប្រភេទកូរ៉េដឹកត្រីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ3B-9218 បើកបរតាមបណ្ដោយផ្លូវ ២១B ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចពីរថយន្តបែនដឹកដីបើកឆ្លងកាត់ផ្លូវ ក៏បួងចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលឲ្យបាក់ និងក្រឡាប់ផ្ងារជើងកៀបជាប់បុរស២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងបុរស២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕