ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ក្រោមវត្តមានអភិបាលរាជធានី

38

 

ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ បានស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានអោយដឹងនៅព្រឹកថ្ងៃទី២៨ មេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ការដ្ឋាន នេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានថ្មើជើងមួយនេះបានហោះលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះទើបឯកឧត្តម ឃួង ស្រេង ណែនាំឲ្យស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។

បើតាមយុវជនម្នាក់ឈ្នោះ ហ៊ុន ពេជ្រធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះ ហើយពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុនិង មិនបាច់រងចាំស្តុបមិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាសហើយជាមួយគ្នានោះប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងគណៈអភិបាលរាជធានីភ្នំពេញដែលបានកសាងស្ពានអាកាសនេះឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់នេះឲ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ ទទឹងផ្លូវម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្សបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ ភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែន ជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១ កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង