រថយន្តបុក បុរសម្នាក់ស្លាប់ ពេលជិះម៉ូតូ ហើយបើករត់បាត់
ភ្នំពេញ ៖ បុរសបានស្លាប់ពេលកំពុងជិះតាមផ្លូវជាតិលេខ៣ ដោយត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង ហើយបើករត់គេចខ្លួនបាត់ បន្សល់ទុកសពលើដងផ្លូវ ក្រោមតំណក់ភ្លៀង ។ គ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតលើកំណាត់ជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣១.៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ទិត បាន អាយុ៣១ឆ្នាំ ជិះម៉ូតូ Nex ពណ៌ស ស្លាកលេខតាកែវ 1N-7349 មានស្រុកកំណើតនៅម្ដុំផ្សារស័ង្កសី ឃុំព្រៃស្លឹក ស្រុកទាំង ខេត្តតាកែវ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនកើតកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកយ៉ាងលឿន ទៅបុកម៉ូតូជនរងគ្រោះ ហើយបើករត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋាន បានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ ទៅកាន់សមត្ថកិច្ចជំនាញស្រុកកណ្ដាលស្ទឹង ចុះមកធ្វើការវាស់វែង នឹងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំសាច់ញាតិយកឯកសារ មកទទួលយកទៅវិញ៕