ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើត្រូវតុបតែងផ្ទះយ៉ាងណា ដើម្បីឆាប់ទទួលបាន អ្នកជួល?

1,045

ភ្នំពេញ ៖ ម្ចាស់ផ្ទះដែលមានផ្ទះសម្រាប់ជួលក្រៅពីមានតម្លៃជួលសមរម្យ និងទីតាំងអំណោយផលការតុបតែងផ្ទះ ក៏ជាចំណែកមួយសម្រាប់ទាក់ទាញអ្នកជួល ដើម្បីធ្វើឲ្យអ្នកជួលមានអារម្មណ៍ដូចជានៅផ្ទះផ្ទាល់ខ្លួនដូច្នេះដែរ។ អ្នកជំនាញតុបតែងផ្ទះផ្ទៃខាងក្នុង កញ្ញា ឈឹម ម៉ាវ៉ាលី ដែលមានជំនាញតុបតែងផ្ទៃខាងក្នុងជិត១០ឆ្នាំ បានផ្តល់ដំបូន្មានថា សម្រាប់ម្ចាស់ផ្ទះដែលមានបំណងតុបតែងផ្ទះរបស់ខ្លួនឲ្យកាន់តែមានភាពស្រស់ស្អាតអាចប្រើតិចនិចដូចខាងក្រោម៖

ការជ្រើសរើសរចនាបថផ្ទៃខាងក្នុង

កញ្ញាម៉ាវ៉ាលីបានឲ្យដឹងថាមុននឹងសម្រេចតុបតែងលំអផ្ទៃខាងក្នុងផ្ទះលោកអ្នកត្រូវជ្រើសរើសម៉ូតនិយមន័យបែបបទរចនាផ្ទៃខាងក្នុងជាមុនសិនតួយ៉ាង៖មនុស្សមួយចំនួនចូលចិត្តម៉ូតបែបសម័យទំនើបដោយមានមូលដ្ឋានគ្រឹះនៃក្បាច់បុរាណខ្មែរអ្នកខ្លះចូលចិត្តបែបបារាំងអ្នកខ្លះចូលចិត្តបែបអាស៊ី ឬបែបជប៉ុនជាដើម។ ដូចនេះការសម្រេចចិត្តជ្រើសរើសប្រភេទនៃម៉ូតរចនាបថណាមួយ គឺវាសំខាន់ដោយសារ ការបន្ថែមពណ៌ ពន្លឺ និងគ្រឿងសង្ហារឹមនឹងត្រូវធ្វើឡើងឲ្យស្របនឹងរចនាបថដែលម្ចាស់ផ្ទះបានជ្រើសរើស។

ការបន្ថែមសំភារៈផ្សេងៗ

ប្រាកដណាស់ ការបន្ថែមនូវគ្រឿងសង្ហារឹមដែលរាប់បញ្ចូលទាំងគ្រែ សាឡុង សំភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ជាដើម វាពិតជាផ្នែកមួយទាក់ទាញអ្នកជួល ប៉ុន្តែចំណុចសំខាន់មួយ ទៀតផងដែរ ប្រសិនបើមានការបំពាក់ឧបករណ៍សុវត្ថិភាពដូចជា៖ កាមេរ៉ាសុវត្ថិភាព កណ្តឹង ប្រព័ន្ធសម្រាប់ការពារអគ្គិភ័យវាពិតជាល្អប្រសើរយ៉ាងខ្លាំងទាំងខ្លួនអ្នកជាម្ចាស់ផ្ទះ និងអ្នកជួលផងដែរ។

បំពាក់អំពូលភ្លើង

ពន្លឺភ្លើងនៅក្នុងផ្ទះពិតជាគ្រឿងលំអដែលធ្វើឲ្យបរិយាកាសរបស់លោកអ្នកមានភាពស្រស់ស្រាយ ដូចនេះការប្រើប្រាស់អំពូល និងពណ៌ត្រូវតែប្រាកដថាវាពិតជាធ្វើឲ្យការរស់នៅប្រចាំថ្ងៃទទួលបានផាសុកភាព។ សព្វថ្ងៃអំពូលភ្លើងពណ៌ LED ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន វាមានច្រើនពណ៌ និងអាចប្តូរពណ៌បានដោយខ្លួនឯងផងដែរ។

ការតាំងវត្ថុសិល្បៈ

សិល្បៈបានដើរតួយ៉ាងសំខាន់នៅក្នុងការតុបតែងផ្ទះ ដែលវាធ្វើឲ្យសភាពនៅក្នុងផ្ទះមានភាពរស់រវើក។ នៅពេលដែលនិយាយអំពីវត្ថុសិល្បៈ លោកអ្នកអាចដាក់តាំងព្យួរនៅផ្ទាំងគំនូរឬវត្ថុឆ្លាក់ សូនបែបសិល្បៈជាច្រើនតាមតម្រូវការ។ លោកអ្នកអាចដាក់តាំងវត្ថុសិល្បៈទាំងនោះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេងដែល សុទ្ធតែផ្តល់នូវភាពស្រស់ស្រាយ និងបង្កើនសម្រស់នៅក្នុងការរស់នៅផងដែរ។

បន្ថែមរុក្ខជាតិ

ជាចុងក្រោយកញ្ញា ម៉ាវ៉ាលីបាននិយាយថា រុក្ខជាតិក៏ផ្តល់ឲ្យបរិយាកាសក្នុងផ្ទះទាំងមូលមានភាពស្រស់ស្រាយនិងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរ។លោកអ្នកអាចដាក់រុក្ខជាតិដែលអាចធន់នឹងម្លប់បានហើយដាក់នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកជាដើម។

កញ្ញា អុិន ចាន់ស្រីលក្ខណ៍ ភ្នាក់ងារអចលនទ្រព្យក្នុងក្រុមហ៊ុនឯកជនមួយដែលមានបទពិសោធន៍ក្នុងការដាក់លក់ ជាពិសេសជួលផ្ទះដែលបានតុបតែងកែលំអថ្មីពីសំណង់ចាស់ៗ នៅម្តុំមាត់ទន្លេ និងផ្សារចាស់បានឲ្យដឹងថា នៅពេលដែលលោកអ្នកតុបតែងផ្ទះចាស់របស់ អ្នកឲ្យមានសោភ័ណ្ឌភាព និងដាក់សំភារៈមួយចំនួននៅក្នុងផ្ទះបន្ថែម វាពិតជាមានភាពងាយ ស្រួលក្នុងការជួលយ៉ាងខ្លាំង ជាពិសេសសម្រាប់ជនបរទេស ហើយបានតម្លៃខ្ពស់ថែមទៀតផង។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមពីរបៀបតុបតែផ្ទះ អ្នកអាចសិក្សាបន្ថែមពីកម្មវិធីមួយ ចំនួនដូចជា Instagram និង Pinterest ។

លោកអ្នកអាចស្វែងរកផ្ទះទិញ​​ លក់ ជួលនៅក្នុងគេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ Harbor Property

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB06688663

អត្ថបទដែលជាប់ទាក់ទង