ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់

37

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។

សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។

ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដែលជាឆ្នាំសិក្សាធ្វើកំណែទម្រង់ការប្រលងមធ្យមសិក្សា ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានោះ សម្តេចតេជោ ហ៊ុន សែន តែងបានឆ្លៀតពីការងារដ៏មមាញឹកជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A។ តែនៅឆ្នាំសិក្សា២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែងចែកនិទ្ទេសនោះឡើយ។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះការផ្តល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាជំរុញលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលនឹងសម្តេចតេជោនាយករដ្ឋមន្ត្រី។

កាលពីឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់រង្វាន់មួយចំនួនជាការលើកទឹកចិត្តពួកគេមានដូចជាថវិកា iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន ១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង