លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះដឹកនាំកម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង
ភ្នំពេញ៖ ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងនៅព្រឹកថ្ងៃទី០៣ ឧសភានេះថាប្រតិបត្តិការណ៍ថ្ងៃទី១ កម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង(អាយឌីកាន់ដៃ)ប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ៥០០០គ្រឿងត្រូវបិទបញ្ចប់ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានបន្ថែមអោយដឹងថាកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នាយកដ្ឋានវិទ្យុទាក់ទង បានសម្រេចគោលដៅប្រកបដោយផ្លែផ្កាដែលស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងចំនួនតិចតួចត្រូវបានចាប់បង្ខំរុះរើទម្លាក់។ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនបានសន្យាថានិងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ត្រូវបន្តសំអាតទូទាំងប្រទេសតែម្តង ។
លោកប្រធានាយកដ្ឋានវិទ្យុទាក់ទង ក៏បានសំណូមពរអោយម្ចាស់ដែល មានស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវទម្លាក់ចុះដោយខ្លួនឯង ជាជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចពេលនេះឡើយ៕