ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា, ឥណ្ឌូនេស៊ី និងថៃ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, G20 និង APEC នៅចុងឆ្នាំនេះ

234

ភ្នំពេញ៖ កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗ ចំនួនបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសរួមរបស់ក្រសួងការបរទេសប្រទេសទាំង៣។

សេចក្តីប្រកាសបានបញ្ជាក់ថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ចសមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនរបស់យើងទាំងអស់។

ក្រសួងការបរទេសប្រទេសទាំង៣ បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅនេះ អាស៊ានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ យើងប្តេជ្ញាពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រឈមនឹងភាពមិនច្បាស់លាស់ជាសាកល និងដើម្បីរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្មើគ្នា។ ការពន្លឿនកិច្ចប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗរបស់យើង។

រីឯវេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។ ប្រធានាធិបតីឥណ្ឌូនេស៊ីប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការពង្រឹងនិម្មាបនកម្មសុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន។

ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមានការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងការបរទេសទាំង៣ បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ យើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង