ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីកាដូ៖ នគរបាលបានហាមឃាត់ ដោយ​​មិន​ឲ្យ​បើក​វគ្គ​បណ្តុះ​បណ្តាល​ អំពី​ការ​ចិញ្ចឹម​មាន់​ នៅ​ខេត្ត​ស្វាយ​រៀង

73


កសិករ​ កំពុង​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ នៅ​ស្រុក​រមាស​ហែក កាល​ពី​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ​២០១៨។ នគរបាល ក្រោយ​មក​ បាន​បិទ​វគ្គ​បណ្តុះ​បណ្តាល​នោះ​។ រូបភាពពី​គណនី​ហ្វេស​ប៊ុក​របស់​លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC)។

អង្គការលីកាដូ នៅរសៀលថ្ងៃទី១៧កញ្ញា បានផ្សាយថា នគរបាលនៅខេត្តស្វាយរៀង បាន​បិទ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​របៀប​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ ដែល​​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគម​កសិករ​ក្នុង​ស្រុក​មួយ នៅព្រឹក​ថ្ងៃ​ចន្ទនេះ ដោយ​បាន​អះអាង​ថា ការ​រៀប​ចំ​នេះ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​ក្នុងតំបន់។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បាន​រៀប​ចំ​​នូវ​វគ្គ​​បណ្តុះ​​បណ្តាល​​មួយ​​ស្តីពី​រ​បៀប​ចិញ្ចឹម​​​មាន់​​​ តាម​​បែប​​ធម្មជាតិ ដល់​កសិករ​ចំនួន ៣០គ្រួសារ នៅ​ក្នុង​ស្រុក​រមាស​ហែក ហើយ​បាន​​អះអាង​​ថា​ខាង​សមាគម​ បាន​ជូន​ដំណឹង​យ៉ាង​ត្រឹមត្រូវ​ទៅ​ដល់​អាជ្ញាធរ​ភូមិ និង​​ឃុំ​រួច​ហើយ។

គិតត្រឹមឆ្នាំមុន នគរបាល បានបិទ ឬហាម​ឃាត់​យ៉ាង​តិច ការ​​ប្រមូល​​ផ្តុំគ្នា​​ ដែល​​ត្រូវ​​បាន​រៀប​ចំ​​ឡើង​​ ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ចំនួន ៦ដង​រួច​មក​ហើយ ដែល​​រួម​មាន​​ការ​រៀប​ចំ​វគ្គ​​សិក្ខា​​សាលា​បណ្តុះ​បណ្តាល វេទិកា​អភិវឌ្ឍ​សហគមន៍ និង​​ការ​ប្រារព្ធ​​ទិវា​​អន្តរជាតិ​​សិទិ្ធនារី ដោយ​បាន​អះអាង​ថា​ ខាង​សមាគម​នេះ មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ ចំណែក​​លើក​នេះ គឺជា​លើក​ទីពីរ​ហើយ ដែល​វគ្គ​បណ្តុះ​បណ្តាល​ អំពី​របៀប​ចិញ្ចឹម​មាន់ ត្រូវ​​បាន​​អាជ្ញាធរ​រារាំង នៅ​ក្នុង​ស្រុក​រមាស​ហែក។

សមាគម​សម្ព័ន្ធសហគមន៍កសិករកម្ពុជា គាំទ្រកិច្ចប្រឹងប្រែង​របស់​កសិករ ក្នុង​​ការ​​ធ្វើ​​ឲ្យ​​ប្រសើរ​ឡើង​ នូវ​ជីវភាព​រស់នៅ​របស់​កសិករ​ទាំងនោះ និង​ការ​តស៊ូមតិ​នានា​ របស់​អ្នក​ទាំង​នោះ ដើម្បី​ផល​​ប្រយោជន៍​របស់​ពួកគេ ប៉ុន្តែ​វគ្គ​បណ្តុះ​បណ្តាល​របស់​សមាគម​នេះ បែរ​​ជា​តែង​​តែ​ត្រូវ​បាន​រំខាន និងបិទ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គៀប​សង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល។ នៅខែ​មិនា នគរបាល បាន​សាកសួរ​បុគ្គលិក​សមាគម​នេះ នៅក្នុង​ខេត្ត​តាកែវ ដោយ​​ចោទ​ថា​​ជាប់​​ពាក់​​ព័ន្ធ​នឹង​​ចលនា​សង្គ្រោះ​ជាតិ ដែល​​ជា​ក្រុម​​មួយ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​សមាជិក​​ អតីត​​គណបក្ស​សង្គ្រោះ​​ជាតិ​​និរទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស។ កាលពីខែ​មេសា អត្ថបទ​វិចារណកថា​មួយ ដែល​ត្រូវ​​បាន​​ចេញ​ផ្សាយ​ នៅ​ក្នុង​សារ​ព័ត៌មាន​ហ្វ្រេសញូរ បាន​ចោទ​ប្រកាន់​​សមាគម​នេះ និង​ប្រធាន​របស់​សមាគម លោក ថេង សាវឿន ពី​ការ​​រៀប​ចំ​​ឲ្យ​មាន​សកម្មភាព “បដិវត្តន៍ពណ៌”៕

អត្ថបទដែលជាប់ទាក់ទង