អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទជាង៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល
ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទជាង៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល។
បើតាមលោក គុណ ញឹម ឱសានវាទចុងក្រោយនៃយុទ្ធនាការប្រមូលពន្ធអាករ លើរថយន្ដមានស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលរៀបចំធ្វើឡើង នាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។
លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីដែលរថយន្ដគ្មានពន្ធ បង្ក្រាបបានក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមាន និងបង់ពិន័យ ដោយឡែករថយន្ដចង្កួតស្ដាំ នឹងត្រូវដោះបំណែក ទៅជាគ្រឿងបំណែករថយន្ដ និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង»។
លោក គុណ ញឹម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធិទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេស នោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប ដោយមិនត្រឹមតែរថយន្ដទេ គឺយាន្ដយន្ដ និងទំនិញគ្មានពន្ធដទៃទៀត មាននៅក្នុងប្រទេស ដែលលួចនាំចូល។
បន្ថែមពីនោះទៀត លោក គុណ ញឹម បានបន្ថែមថា ករណីដែលរថយន្ដគ្មានពន្ធបង្ក្រាបបាន ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។ ដោយឡែករថយន្ដចង្កួតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបម្លែងរថយន្ដទៅជាគ្រឿងបំណែករថយន្ដ ពីព្រោះរថយន្ដចង្កួតស្ដាំ គឺជារថយន្ដហាមឃាត់ ក្នុងការនាំចូលសម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។
លោក គុណ ញឹម ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងឡាយ ដែលនៅមិនទាន់នាំយករថយន្ដរបស់ខ្លួន ចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញ កាតព្វកិច្ចពន្ធអាករ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅសល់ពេលមិនដល់៦០ថ្ងៃនោះទេ។
សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ខណៈរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ចំនួនជិត៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹកប្រាក់៦០លានដុល្លារ បានបង់ចូលថវិកាជាតិ៕