ស៊ីម៉ាក់រកឃើញគ្រាប់បែក ទម្លាក់ពីសម័យសង្គ្រាម ទំងន់ជិត១តោន នៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ ទល់មុខព្រះបរមរាជវាំង
ភ្នំពេញ៖ អង្កភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះនៅក្នុងសម័យសង្គ្រាមប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថា ជាគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។
យោងតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងលើបណ្តាញសង្គមថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យនិងបោសសំអាត គ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។
លោកនាយកស៊ីម៉ាក់បញ្ជាក់ថា «គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពល បង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ តាមទិន្នន័យព័ត៌មាន មានគ្រាប់បែកប្រភេទAN-M66 នេះ ចំនួន១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា»។
ជាមួយគ្នានេះ បានថ្លែងអំណរគុណចំពោះ លោក ឃួង ស្រេង គណ:អភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធ ជាមួយកំលាំងអង្គភាពស៊ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៍ធំ មួយនេះចេញពីទីតាំងរាជធានីភ្នំពេញ ទៅរកកន្លែងសុវត្ថិភាព ដើម្បីកំលាំងជំនាញអង្គភាពស៊ីម៉ាក់ ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង៕ សំរិត