ក្រសួងបរិស្ថានបន្តចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រាន រុក រានយកដីក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ខណៈនៅតាមតំបន់ការពារធម្មជាតិមួយចំនួននាពេលថ្មីៗនេះ បានទទួលរងនូវការកាប់ទន្ទ្រានយកដី និងពង្រីកដីចំការមានស្រាប់ ទៅលើតំបន់ហាមឃាត់ នៅក្នុងតំបន់ការពារ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងក្រោមការញុះញង់របស់ក្រុមឈ្មួញរកស៊ីទិញដីធ្លី។ នៅក្នុងរយៈពេលពីរថ្ងៃមកនេះ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ខេត្តព្រះសីហនុ ដែលពលរដ្ឋមួយចំនួនបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងបង្ក្រាប ការទន្ទ្រាន កាន់កាប់ដីនៅឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ និងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់ របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុស ពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិ ក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា… ជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។
លោកបន្តថា ពេលខ្លះក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ចារលេខ ០១ បប ចុះថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១២ ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ឋភាព នៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច និងបានបើកយុទ្ឋនាការ វាស់វែងចេញកម្មសិទ្ឋិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងដាំដុះជាក់ស្តែងក្រោមបេសកកម្ម គោលនយោបាយចាស់ សកម្មភាពថ្មី។ ចំពោះករណី ប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋថ្មៗ ក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ មិនអាចយកដោះស្រាយបានឡើយ។
ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយកប្រជាពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រាន កាន់កាប់ដីរដ្ឋខុសច្បាប់នេះជារឿងហួសសម័យហើយ។ ក្នុងការការពារធនធានធម្មជាតិឱ្យបានល្អ ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាន ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារ ហើយក្រសួងក៏បានឆ្វៀលដីដែលមាន ផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋរួចហើយដែរ។ លោកបានបញ្ជាក់ថា អ្នកដែលមកទន្ទ្រាន រុក រានដីព្រៃភាគច្រើនជាពលរដ្ឋចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕