រដ្ឋមន្ត្រីសាធារណការកម្ពុជាកូរ៉េ ពិភាក្សាពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីវិធីសាស្ត្រល្អៗ ដើម្បីពង្រឹងកិច្ចសហការរវាងគ្នា ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រីរដ្ឋមន្ត្រី Kim Hyun Mee បានជម្រាបជូនពីឆន្ទៈរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ។ ការអភិវឌ្ឍនេះរួមបញ្ចូលទាំង បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ការគាំទ្រផ្នែកបច្ចេកវិទ្យា កម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) ព្រមទាំងការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។
លោកទេសរដ្ឋមន្រ្តីបានកត់សម្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងរយៈពេលប្រាំចុងក្រោយនេះ ដោយបានជួយធ្វើឱ្យប្រសើរឡើង ដល់ការបំពាក់ឧបករណ៍សុវត្ថិភាព សម្ភារៈសុវត្ថិភាព និងវិធានការសុវត្ថិភាពលើផ្លូវជាតិរបស់កម្ពុជា ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការធ្វើឱ្យប្រសើរឡើងរោងចក្រប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់ និងទឹកទន្លេកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវថ្នល់ផ្សេងទៀត។
លោកទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកស្រីរដ្ឋមន្រ្តីកូរ៉េ អំពីគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាមួយនិងអង្គការKOICA ដែលក្នុងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិនានា រោងចក្រ ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាស្ថានមន្ទីរពិសោធន៍ និងបណ្តុះបណ្តាល និងផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។
លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ផ្តល់ការគាំទ្រដល់គម្រោងទាំងនេះ។ ជាការឆ្លើយតបទៅនឹងសំណើរបស់លោកទេសរដ្ឋមន្រ្តី លោកស្រីរដ្ឋមន្ដ្រី បានយល់ព្រមជូនដំណឹង ដល់រដ្ឋាភិបាលកូរ៉េ អំពីសំណើទាំងនេះ។
លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានផ្តល់ ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅកម្ពុជា និង រង់ចាំកិច្ចសហការបន្ត នាពេលអនាគតរវាងប្រទេសទាំងពីរ៕