បើកសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារចិន អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីចិនក៏បានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅវិមានមិត្តភាពកម្ពុជា-ចិនផងដែរ។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេហេ ក៏បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕