ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ កំណែទម្រង់លោករដ្ឋមន្ត្រីក្រសួងអប់រំចូលដល់ផ្លូវរលាក់ ជួបព្យុះ ជួបភ្លៀងហើយ?

361

ភ្នំពេញ៖ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៨ នេះ ត្រូវបានក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡងដល់ទៅ ២ដង។ ប្រកាសម្តង កាលពីថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានបេក្ខជនតវ៉ា ដោយសារតែខុសពិន្ទុគណិតវិទ្យា។ នៅពេលក្រសួងបង្កើតគណៈកម្មការកោសល្យវិច័យ ស្រាប់តែស្អែកឡើង គឺនៅថ្ងៃទី១៣ ខែកញ្ញា ក្រសួងអប់រំ បានប្រកាសថា រកឃើញកំហុសហើយ ដោយសារតែបញ្ហាបច្ចេកទេសកុំព្យួទ័រ។
នៅថ្ងៃទី១៤ ខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលជាថ្មី ជាលើកទី២ នៃការប្រឡងបាក់ឌុប នាំឲ្យកើនចំនួនអ្នកប្រឡងជាប់ជិត ១០០០ នាក់ទៀតថែមទៀត ហើយបេក្ខជនប្រឡងជាប់និទ្ទេស A ក៏កើនឡើងជាង ១០០នាក់ទៀត គឺកើនពី ២៩០ នាក់ ដល់ ៤០៨ នាក់ ខណៈដែលបេក្ខជនប្រឡងជាប់និទ្ទេសផ្សេងទៀត ក៏បានកើនឡើងដូចគ្នា។
យ៉ាងណាក៏ដោយ នៅពេលក្រសួងអប់រំ មានកំហុសឆ្គងដូច្នេះ តើឲ្យកូនសិស្ស ទៅពឹងនរណា? បើចេញលទ្ធផលដល់ទៅពីរដង ហើយអ្នកធ្លាក់ ក៏ធ្លាក់ទៅ រីឯអ្នកជាប់លេខ ឡើងថ្នាក់ ក៏ឡើងទៅ។ អីចឹង គេលើកឡើងថា កំណែទម្រង់ប្រឡងបាក់ឌុប របស់លោក ហង់ជួន ណារ៉ុន ចូលដល់ផ្លូវរលាក់ ជួបព្យុះ ជួបភ្លៀងហើយ?មែនទែនទៅ កំហុសឆ្គង ដែលមិនធ្លាប់កើតមាននេះ ជាយុទ្ធសាស្ត្រមួយ ដែលគេចង់ផ្តួលលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ហើយ ព្រោះមនុស្សអាក្រក់មានច្រើន នៅក្នុងក្រសួងអប់រំ។ អាចកន្លងមក មន្ត្រីក្រសួងអប់រំ ដែលទទួលបន្ទុកកិច្ចការប្រឡងនោះ ធ្លាប់ មានលាបសង្ការះព្រោះថា ឲ្យតែដល់ពេលប្រឡងបាក់ឌុបម្តង មន្ត្រីខិលខូចទាំងនោះ ទទួលបានលុយ។
តែនៅពេលលោកហង់ជួនណារ៉ុន ឡើងមកកាន់តំណែងរដ្ឋមន្ត្រីនៅក្រសួងអប់រំ ចាប់តាំងពីឆ្នាំ២០១៣ ហើយបានធ្វើកំណែទម្រង់ប្រឡងបាក់ឌុប ចាប់ពីឆ្នាំ២០១៤ ដោយលុបបំបាត់ការសូកប៉ាន់ ពុករលួយគ្រប់រូបភាព ហើយអនុវត្តទិសស្លោកថា “ចេះ ជាប់” ដែលនាំឲ្យមន្ត្រីខិលខូចទាំងនោះ រកលុយលែងបាន។ ដូច្នេះក្រុមមន្ត្រីអាក្រក់ទាំងនោះ ធ្វើម៉េចឲ្យលោកហង់ជួនណារ៉ុន ជួបបញ្ហា នៅពេលប្រឡងបាក់ឌុប។
ជួបបញ្ហាដូច្នេះ តើលោករដ្ឋមន្ត្រី ត្រូវដោះស្រាយយ៉ាងម៉េច នៅពេលការកែទម្រង់របស់លោក ជួបបញ្ហា? បញ្ហានេះ ក៏ដោយសារតែអ្នកចូលរួមធ្វើការកែទម្រង់ជាមួយលោក ដើរមិនស្រុះគ្នា។ លោក ហង់ជួនណារ៉ុន ដើរខាងលើ តែអ្នកនៅក្រោម មិនដើរ ហើយអង្គុយទុច។ ដូច្នេះ មានតែលោករដ្ឋមន្ត្រី ហង់ជួនណារ៉ុន ពិនិត្យឡើងវិញ មុននឹងលោកចាកចេញ ឬក៏លាលែងតំណែងរដ្ឋមន្ត្រី។
មហាជនទូទៅ មិនចង់ឲ្យលោកហង់ជួនណារ៉ុន លាលែងភ្លាមទេ តែលោករដ្ឋមន្ត្រី ត្រូវរកឲ្យឃើញហេតុផលពិតប្រាកដ ដែលមិនបូកពិន្ទុរបស់កូនសិស្ស នាំឲ្យខុសតួលេខនៃចំនួនបេក្ខជនប្រឡងជាប់ ហើយបេក្ខជនប្រឡងជាប់និទ្ទេស A ក៏បាត់អស់ជាង ១០០នាក់ ក្នុងការប្រកាសលទ្ធផលលើកទី១ នៃការប្រឡងបាក់ឌុប ឆ្នាំនេះ។
ជាការពិត លោកហង់ជួនណារ៉ុន បានធ្វើកំណែទម្រង់នៃការប្រឡងបាក់ឌុប ដោយជោគជ័យ ៤ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៤។ ដូច្នេះលើកនេះ មន្ត្រីខិលខូចទាំងនោះ បានរួមគ្នាធ្វើស៊ីលោករដ្ឋមន្ត្រីតែម្តង។ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដែលចាប់តាំងពីឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ កាលពីឆ្នាំ២០១៣ បានធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ ពិសេសលើការប្រឡងបាក់ឌុប ហើយទទួលបានជោគជ័យ មិនត្រឹមតែទទួលបានការលើកសរសើរមិនដាច់ពីមាត់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន ប៉ុណ្ណោះទេ តែមហាជនទូទាំង ក៏បានទទួលស្គាល់នូវការកែទម្រង់លើការប្រឡងបាក់ឌុប តាមទិសស្លោក “អ្នកចេះ គឺជាប់” ក្នុងរយៈពេល ៥ឆ្នាំកន្លងមក។
ជាការពិត ក្រោយកើតបញ្ហាតវ៉ាពីបេក្ខជនប្រឡងបាក់ឌុប ចាប់តាំងពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ គឺក្រសួងអប់រំ បានបង្កើតគណៈកម្មការមួយភ្លាម ដឹកនាំដោយលោករដ្ឋមន្ត្រីហង់ជួនណារ៉ុនផ្ទាល់ ដើម្បីពិនិត្យ ដោះស្រាយបណ្តឹងរបស់បេក្ខជន និងស្រាវជ្រាវរកការពិត។ ទីបំផុត នៅថ្ងៃទី១៣ ខែកញ្ញា ក្រសួងអប់រំ បានប្រកាសថា កំហុសមកពីបញ្ហាកុំព្យួទ័រ ដែលមិនបូកសរុបពិន្ទុរបស់បេក្ខជន នៅថ្នាក់វិទ្យាសាស្ត្រ លើមុខវិជ្ជាគណិតវិទ្យា ដូចការតវ៉ារបស់បេក្ខជនពិតមែន។
ក្រសួងអប់រំ តាមរយៈលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានប្រកាសសូមអភ័យទោស និងចាត់ទុកថា កំហុសឆ្គងនោះ ជាកំហុសដោយអចេតនា។ ប៉ុន្តែមហាជនភាគច្រើន មិនទាន់អស់ចិត្តនឹងក្រសួងអប់រំនៅឡើយទេ តែក៏មិនទាមទាររហូតដល់អោយលោករដ្ឋមន្ត្រី ហង់ជួនណារ៉ុន លាលែងតំណែង ចេញពីរដ្ឋមន្ត្រីឡើយ។
ក៏ប៉ុន្តែមហាជន ចង់ឲ្យលោករដ្ឋមន្ត្រី រកមុខមន្ត្រីអប់រំ ដែលធ្វើឲ្យមានកំហុសឆ្គងនោះ ពោលគឺលោករដ្ឋមន្ត្រី ត្រូវបង្ហាញមុខគណៈកម្មការទទួលបន្ទុកការឡងបាក់ឌុប ដែលដឹកនាំដោយរដ្ឋលេខាធិការ រួមទាំងប្រធាននាយកដ្ឋាន ត្រូវតែទទួលខុសត្រូវ ព្រោះថា បញ្ហាប្រកាសលទ្ធផលខុស ដោយសារតែមិនបូកសរុបពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជន គឺបង្កឡើងដោយសារមនុស្ស ព្រោះមនុស្សជាអ្នកស្រង់ពិន្ទុ និងជាអ្នកប្រើកុំព្យួទ័រ។
ករណីនេះ ចេះមានបេក្ខជនប្រឡងមួយចំនួន ច្បាស់ក្នុងចិត្ត ហើយចេញមុខតវ៉ា។ ចុះបើមិនមានបេក្ខជនប្រឡងបាក់ឌុប តវ៉ាទេ តើវាសនារបស់បេក្ខជនជិត ១០០០ នាក់ ដែលត្រូវបានក្រសួងអប់រំ ប្រកាសលទ្ធផលើកទី១ថា ធ្លាក់ ដោយសារតែក្រសួង មិនយកពិន្ទុ លើមុខវិជ្ជាគណិតវិទ្យារបស់ពួកគេ បូកបញ្ចូល ហើយតើបេក្ខជនសិស្សពូកែ ជិត ២០០ នាក់ ដែលមិនជាប់ចំណាត់ថ្នាក់ A ទៅជាយ៉ាងណា?
បើក្រសួងអប់រំ បណ្តោយឲ្យធ្វើដូច្នេះទៀត ច្បាស់ជាងាប់គេ ងាប់ឯងអស់ហើយ អាណិតគ្នាអ្នកខំរៀនផង។ ម្យ៉ាងទៀត ក្នុងពេលប្រឡង បើសិនជាបេក្ខជនណាម្នាក់ ប្រព្រឹត្តខុសវិន័យរបស់ក្រសួងអប់រំ គឺត្រូវដកហូតសិទ្ធិ បណ្តេញចេញ មិនឲ្យប្រឡងជាច្រើននាក់រួចមកហើយ។ ផ្ទុយទៅវិញ នៅពេលនេះ នៅពេលក្រសួងអប់រំ មានកំហុស គ្រាន់តែចេញប្រកាស ហើយសុំទោស និងចាត់ទុកថា ជាកំហុសអចេតនា គឺត្រូវរួចខ្លួនដូច្នេះឬ?
មិនអាចទេ រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវរកឲ្យឃើញមុខមន្ត្រីទទួលបន្ទុកការងារនេះ ហើយប្រព្រឹត្តកំហុស ព្រោះថា កំហុសនេះ បានបំផ្លាញទឹកចិត្តរបស់បេក្ខជន អាណាព្យាបាល និងមហាជនទូទៅផង ហើយជាពិសេសគឺបំផ្លាញការប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកំណែទម្រង់ដ៏ជោគជ័យ ក្នុងរយៈពេល ៥ ឆ្នាំ លើការប្រឡងបាក់ឌុប។ ដល់ម៉ោងវះកាត់សាច់ស្អុយចេញហើយ បើទុករបៀបនេះទៀត តើថ្ងៃមុខ នឹងមានបញ្ហាខុសបច្ចេកទេសដូច្នេះ ប៉ុន្មានដងទៀត? ហើយលើករណីអ្វីខ្លះទៀត?

អត្ថបទដែលជាប់ទាក់ទង