ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ

334

 

អាមេរិក ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។

នៅព្រឹកម៉ោងប្រមាណជា៨:០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង១៩.០០នាទី យប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីសណ្ឋាគារ Willard Intercontinental ឆ្ពោះមកកាន់អាកាសយានដ្ឋាន Joint Base Andrews ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយជោគជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែ ឧសភា ឆ្នាំ២០២២។
យោងទៅតាមកម្មវិធី នៅម៉ោង ១៦:៣០នាទី ល្ងាច ថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើន គ្រប់ៗគ្នា ។
តាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី១៤ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលនេះ សម្តេចកំពុងតែរៀបចំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សារសំឡេងបញ្ជាក់ថា នៅថ្ងៃនេះផងដែរ ក៏ជាថ្ងៃខួបចម្រើនព្រះជន្ម ព្រះវស្សា របស់ព្រះមហាក្សត្រជាទីសក្ការៈ ហើយសង្ឃឹមថា បងប្អូនជនរួមជាតិទទួលបានការឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកទទួលសម្តេច និងជួបសំណេះសំណាលជាមួយសម្តេចយ៉ាងសប្បាយរីករាយ។

សម្តេចពិតជាអរគុណ និងមានមោកនភាពចំពោះបងប្អូនជនរួមជាតិដែលបានរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកចូលរួមជាមួយសម្តេចក្នុងភាពថ្លៃថ្នូរដោយមិនធ្វើការតបតណាមួយជាមួយក្រុមអមិត្តដែលតែងបង្កហេតុ។

បើទោះបីជាឧប្បត្តិហេតុបានកើតឡើង ប៉ុន្តែបងប្អូនបានរក្សានៅការអត់ធ្មត់ ហើយសូមបងប្អូនបន្តការអត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់ វៃប្រហារមកលើបងប្អូន នេះជាឥរិយាបទ នៃភាពជ្រុលនិយមរបស់ពួកក្រុមប្រឆាំងដែលចាត់ទុកថា ជាវីរជននៅពេលដែលគេបានរំលោភបំពានលើច្បាប់ និងបង្ហាញសារជាតិជាអំពើហិង្សាជ្រុលនិយម។

សម្តេចពិតជាមានមោទភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាមេរិក និងកាណាដា ដែលរក្សាបាននៅភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង