ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាតុកម្មរបស់លោករ៉ុង ឈុន ដាក់សម្ពោធ បង្ខំឲ្យរាជរដ្ឋាភិបាល ធ្វើតាមបង្គាប់របស់សហភាពអឺរ៉ុប គឺរំលោភច្បាប់ របស់កម្ពុជា

96


ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នេះ បានឆ្លើយតបដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចំពោះករណីធ្វើបាតុកម្ម ដាក់សម្ពោធលើរាជរដ្ឋាភិបាល ក្នុងកិច្ចធ្វើឲ្យសង្គមមានភាពច្របូលច្របល់ ទាំងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជា សន្តិសុខជាតិនោះមិនគិតដល់ រដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យរាជរដ្ឋាភិបាល ការពារ អធិបតេយ្យ និងឯករាជ្យ ការរៀបចំធ្វើបាតុកម្មប្រឆាំង ជាមួយនឹងដាក់សម្ពោធបង្ខំឲ្យរាជរដ្ឋាភិបាល ធ្វើតាមបង្គាប់របស់បរទេស គឺជាបទរំលោភច្បាប់ របស់កម្ពុជា។

លោកផៃ ស៊ីផាន បានថ្លែងថា នេះគ្រាន់តែជាអត្ថន័យ និងខ្លឹមសារ ដែលមានចែងនៅក្នុងបទព្រហ្មទណ្ឌ។ បន្ថែមពីលើនេះទៀត គឺជាការវាយប្រហារ ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានជាង៨០ភាគរយ ចេញទៅបោះឆ្នោត មិនញញើត និងការតតាំងប្រឆាំង ពីសំណាក់បរទេស ដែលបានធ្វើយុទ្ធនាការវិទ្ធង្សនា និងការបោះឆ្នោតសកល នៅកម្ពុជា។ សំឡេងឆ្នោតជាង៧០ភាគរយ នៃចំនួនសន្លឹកសរុប នៅក្នុងហិបឆ្នោត ក៏បង្ហាញយ៉ាងច្បាស់ណាស់ នៅអធិបតេយ្យជាតិ ឯកភាព និងឯករាជ្យរបស់ខ្មែរ ដែលបុគ្គល រ៉ុង ឈុន ត្រូវតែមានកាតព្វកិច្ចគោរព និងប្រតិបត្តិ។ ការយកលេស និងខ្លឹមសាររបស់សហគមន៍អឺរ៉ុប ដែលមិនទាន់ចេញជាវិធានផ្លូវច្បាប់ ណាមួយប្រឆាំងនិង កិច្ចមិនសហការជាមួយកម្ពុជានោះ គឺជាជនឆ្លៀតឱកាស បង្កើតឲ្យមានអំពើអាណាធិបតេយ្យ នៅក្នុងសង្គមខ្មែរ និងបម្រើនយោបាយបរទេសតែប៉ុណ្ណោះ មិនមែនពិតប្រាកដផលប្រយោជន៍ខ្មែរនោះឡើយ។


លោកបានបន្តថា រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងកិច្ចថែរក្សាអធិបតេយ្យ ឯករាជ្យ និងឯកភាពជាតិ នោះបើគ្មានកិច្ចសហការពីជននេះ ឬបណ្ដាញក្រុមនេះ រាល់តម្លៃគ្រប់រូបភាពណាក៏ដោយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានព្យាយាមអស់សមត្ថភាពរបស់លោក ទាំងគោលនយោបាយ និងរាល់វិធានក្នុងកិច្ចថែរក្សាលើកស្ទួយ ភាពសុខក្សេមក្សាន្ត និងដោះស្រាយបង្កើនជីវភាពរបស់កម្មករ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ជាក់ស្តែងរបស់កម្ពុជា។ ខុសប្លែកពីអ្នកនយោបាយ ក៏ដូចជា សហជីពមួយចំនួន ដែលជម្រុញឲ្យកម្មករជំពប់ និងការបាត់បង់ផលប្រយោជន៍ការងារ ជាប់ពន្ធធនាគារព្រាត់ប្រាសគ្រួសារស្រុកទេស បង្កដោយមហិច្ឆតានយោបាយ នៃផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ គេមិនខ្លាចយកឈាមកម្មករប្តូរនឹងអំណាចនោះឡើយ។ រាល់កិច្ចសហការ ជាមួយនិងអាជ្ញាធរ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។
លោកផៃ ស៊ីផាន បានបន្ថែមថា “ខ្ញុំសូមទាញអារម្មណ៍សារជាថ្មីដល់លោក រ៉ុង ឈុន និងបក្ខពួកថា ប្រជាពលរដ្ឋខ្មែរទាំងមូល បានបង្ហាញនូវ ឯកភាពជាតិជាផ្លូវការ និងសាធារណៈរួចស្រេចហើយ តាមរយៈការបោះឆ្នោត គឺកម្ពុជាជារដ្ឋអធិបតេយ្យមួយពិតប្រាកដ។ សហគមន៍អឺរ៉ុប មិនមែនជាអាណានិគមលើកម្ពុជានោះទេ។ កម្ពុជាមានកិច្ចសហការល្អណាស់ ជាមួយគ្នាអស់រយៈច្រើនទសវត្សរ៍មកហើយ។ ក្នុងករណីទ្វេភាគី និងពហុភាគីតាមរយៈអាស៊ាន គឺកម្ពុជា និងសហភាពអឺរ៉ុប ជាដៃគូរពិភាក្សា ដៃគូរអភិវឌ្ឍន៍ និងសហការតែប៉ុណ្ណោះ។ នៅក្នុងការថ្លែងយោបល់របស់សភាសហគមអឺរ៉ុប នោះជាជំនឿ និងនិន្នាការនយោបាយ របស់គេទេ ក៏ប៉ុន្តែសារអបអរសាទរ និងជូនពររបស់អធិការបតីអាឡឺម៉ង់ ចំពោះសម្តេចតេជោ ហ៊ុន សែន គឺមានន័យគ្រប់គ្រាន់សម្រាប់លោក រ៉ុង ឈុន និងបក្ខពួករបស់គេរួចស្រេចហើយ។ កម្ពុជា និងសហភាពអឺរ៉ុប ឋិតនៅតែជាដៃគូររហូត ហើយវេទិកា នយោបាយ និងសេដ្ឋកិច្ច នៅអនាគតដ៏ខ្លីខាងមុខ ក៏អាចបញ្ជាក់នូវបំណង ដ៏រឹងមាំចំពោះកិច្ចសហការនេះផងដែរ។ រាជរដ្ឋាភិបាល កំពុងតែបន្តពិភាក្សា ជាមួយសភាសហភាពអឺរ៉ុប នូវរាល់បញ្ហាប្រឈមទាំងពួង ក្នុងភាពគោរពគ្នាទៅវិញទៅមក”។

នៅព្រឹកទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៨​ លោក​​រ៉ុង​ ឈុន​ ប្រធានសហភាពសហជីពកម្ពុជា​ (CCU) បានធ្វើសន្និសិទសាព័ត៌មានស្តីពី​ “អនាគតការងាររបស់កម្មករ” ។លោក រ៉ុង ឈុនបានបញ្ជាក់ប្រាប់អ្នកកាសែតថា ប្រសិនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនព្រមប្ដូរឥរិយាបទនយោបាយតាមសហភាពអឺរ៉ុបទេ នឹងដឹកនាំធ្វើបាតុកម្ម ។ លោក រ៉ុង ឈុនបានលើកឡើងពីក្តីព្រួយបារម្ភរបស់លោក ពីអនាគតកម្មករកម្ពុជារាប់ម៉ឺននាក់ ដែលប្រឈមនឹងបាត់បង់ការងារ ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា។ លោកនឹងដឹកនាំធ្វើបាតុកម្មមួយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកសំណើរបស់សភាសហភាពអឺរ៉ុប ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ បាតុកម្ម​របស់​លោក រ៉ុង ឈុន គ្រោង​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នា​អំឡុង​ចុង​ខែ​តុលា​ខាង​មុខ​នេះ ដោយ​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ផង​។

កាលពីថ្ងៃទី១១ កញ្ញា កន្លងទៅ ​លោក ណី សំអុល ឯកអគ្គរាជទូតតំណាង ​អចិន្តៃ្រ​យ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ​នៅទីក្រុងហ្សឺណែវ​ ក៏បាន​ចេញសេចក្តីថ្លែងការណ៍មួយ សម្ដែងការខកចិត្តទៅ​នឹង ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក​​ស្រី Michelle Bachlete ដែល​ស្នើឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់នូវការចោទប្រកាន់​ទាំងស្រុង ចំពោះលោក កឹម សុខា ដោយ​ថា លោក​ស្រីនិងគណៈប្រតិភូផ្សេងទៀត​ពឹងផ្អែកលើប្រភពព័ត៌មាន ដែលមានលក្ខណៈនយោបាយ។ ឯកអគ្គរាជទូតតំណាង ​អចិន្តៃ្រ​យ៍កម្ពុជា បានអះអាងថា កម្ពុជាមិនទទួលស្គាល់នូវសេចក្តីសម្រេច ដែលធ្វើឡើងដោយសភាអឺរ៉ុបទេ ដោយថាវាមានភាពលំអៀង និងជាការអនុវត្តដែលមាន​ស្តង់ដារពីរ​។

សេចក្តីថ្លែងការណ៍​របស់ស្ថានបេសកម្ម​កម្ពុជាប្រចាំសហភាព​អឺរ៉ុប​ ដែលបានឆ្លើយតបទៅនឹង​សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជាសេចក្តីសម្រេច ដែល​ពឹងផ្អែកលើការអះអាង មិនត្រឹមត្រូវ ដោយ​សំអាងតែ​របាយការណ៍ លំអៀងដែលមានប្រភព មកពីខាងគណបក្ស​ប្រឆាំង និង​ អង្គការក្រៅរដ្ឋាភិបាល ដែលមានចរិក​នយោបាយ។

ស្ថានបេសកម្ម​កម្ពុជាប្រចាំសហភាព​អឺរ៉ុប ក៏បាន​ចោទជាសំណួរ ទៅកាន់សហភាពអឺរ៉ុបវិញ​ថា​ សេចក្តីសម្រេចរបស់​សហភាពអឺរ៉ុប ដែលកំណត់​ស្ដង់​ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដ៏​ខ្ពស់​ ដែល​​​សូម្បីតែ​ប្រទេស ​ក្នុងសហភាពនេះមួយចំនួន​ក៏មិនអាចធ្វើបាន​ផងនោះ​ តើសភាអឺរ៉ុប រំពឹងភាពឥតខ្ចោះពីកម្ពុជា បានយ៉ាងដូចម្តេច។

កម្ពុជាក៏បាន​រិះគន់​សហភាពអឺរ៉ុបថា ការ​ថ្កោលទោសពី​ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា របស់ស្ថាប័ននេះ គឺមិនបាន​ខ្វាយខ្វល់​ពី​កិច្ច​ប្រឹងប្រែង របស់កម្ពុជានោះទេ​ ហើយថា សេចក្តីសម្រេច​ដាក់ទណ្ឌកម្មនេះមិន​យុត្តិធម៌នោះទេ។

សភាសហភាពអឺរ៉ុប បាន​សម្រេច​​ទាមទារឲ្យរដ្ឋាភិបាលថ្មី របស់កម្ពុជា ​បញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាព លើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា ក្បត់ជាតិ និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។ សភាសហភាពអឺរ៉ុប ក៏ជម្រុញ​ឲ្យគណៈកម្មាការអឺរ៉ុប រៀបចំបញ្ជី​ឈ្មោះអ្នកដែល​ជាប់​ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួមបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការ៕

អត្ថបទដែលជាប់ទាក់ទង