បញ្ជាឲ្យក្រុមហ៊ុនយាយភូកាយដីដែលចាក់រំលោភ ចូលឆ្នេរនៅចំណុចព្រែកត្រែង
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បាននឹងកំពុងដឹកនាំបញ្ជាឲ្យកាយដីដែលក្រុមហ៊ុនលោកស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ ចាក់រំលោភ ចូលឆ្នេរនៅចំណុចព្រែកត្រែង កាលពីពេលកន្លងមកថ្មីៗនេះ ។
ពាក់ព័ន្ធករណីចំណាត់ការក្តៅៗ មជ្ឈដ្ឋានានា ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុក បានប្រកាសគាំទ្រចំណាត់ការរបស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ពេញទំហឹង ដោយតាមបទបញ្ជាពីសម្តេចតេជោនាយករដ្ឋមន្រ្តី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិនេះ ឱ្យនៅដូចដើម។
បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា នៅរសៀលថ្ងៃនេះតែម្ដង បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។
សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរា់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។
លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។
ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ៕