ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់-ទទួលសេចក្តីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើង ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)

141

ភ្នំពេញ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដោយមានការចូលរួមពីលោកស្រី MIYAHARA AI តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការរីកចម្រើនវិស័យហេដ្ឋា រចនាសម្ព័ន្ធសាធារណៈ ការអភិវឌ្ឍទីក្រុង ទីប្រជុំជនធំៗ និងការកសាងលំនៅដ្ឋាន ក្រោមនយោបាយ ឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍សន្តិភាព បង្រួប បង្រួមជាតិ នាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅទូទាំងផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សហួសពីការស្មាន។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា៖ ស្ថិតក្នុងបរិបទនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ បញ្ហាអនាម័យ ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវក្នុងទីក្រុង និងទីប្រជុំជនធំៗ បានចោទជាបញ្ហាដ៏ធំមួយដែលត្រូវ ដោះស្រាយ និងគ្រប់គ្រងឱ្យបានសមស្រប និងជាបន្ទាន់ ពោលគឺរាជរដ្ឋាភិបាលកត្រូវស្វែងរកដំណោះ ស្រាយ និងយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យការគ្រប់គ្រងទឹកកខ្វក់នេះមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយ ការទទួលខុសត្រូវ តាមរយៈកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន និង ដៃគូអភិវឌ្ឍន៍នានាផងដែរ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា៖ ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និង ឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព និងបានជម្រាបជូនថា៖ ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការជំរុញឆ្លងយោបល់ជា បន្តជាមួយក្រុមការងារជំនាញរបស់ក្រសួង គណៈកម្មាធិការអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់បន្ថែមទៀត ដើម្បីធានាថាខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់នេះសមស្របទៅតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្ដែង និងការអភិវឌ្ឍរបស់កម្ពុជា សំដៅពង្រឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងបំពេញតាមតម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បី លើកកម្ពស់បរិស្ថាន និងសង្គម មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅរដ្ឋសភា ជាតិ និងព្រឹទ្ធសភាជាតិ ដើម្បីធ្វើការអនុម័តឱ្យក្លាយជាច្បាប់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន និងក្រុមទីប្រឹក្សាបច្ចេកទេសជប៉ុន ដែលបានផ្ដល់ជំនួយបច្ចេកទេស កិច្ចសហការ ការគាំទ្រ ការចែករំលែកបទពិសោធន៍ល្អៗនៅក្នុងការរៀបចំកែលំអ និងតាក់តែងសេចក្តីព្រាងច្បាប់ទឹកកខ្វក់ នេះ និងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមចំណែកនៅក្នុងការងារនេះ ប្រកបដោយភាពអត់ធ្មត់ រហូតសម្រេចបានសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង