ឃិម បូរ៉ា និង សុខ សាវិនបន្តឈ្នះឬទេ ?
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២២កញ្ញាអ្នក
ប្រដាល់ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ម៉ាហា(Phat Maha) ។
នេះជាការប្រកួតលើកទី២ហើយរបស់ពួកគេទាំងដែលការប្រកួតមួយនេះគេជឿថាបូរ៉ានឹងស្វែងរកជ័យជំនះ
បានមួយប្រកួតទៀត ឯ ផាត ម៉ាហាទំនងជាលំបាកជាមួយបូរ៉ាហើយ ។អ្នកប្រដាល់ថៃផាត ម៉ាហាមានវ័យចំណាស់
បន្តិចហើយឯបូរ៉ាវ័យនៅក្មេងជាង ។
បូរ៉ាជាអ្នកប្រដាល់មួយរូបមានរបៀបវ៉ៃល្អ រហ័សតែប្រសិនបើជួបជាមួយគូប្រកួតដែលខ្លាំងនោះបន្ទាប់ពី
សាកគ្នាមួយប្រាវដឹងថាមិនអាចទៅរួចនោះគេមិនត្រឹមតែវ៉ៃចេញមិនរួចនោះទេតែគេដកថយ និង ការពារចរើនជាងវ៉ៃចេញ ។មិនតែប៉ុណ្ណោះប្រសិនបើគូប្រកួតវ៉ៃចំធ្ងន់បន្តិចនោះគេសន្លប់តែម្ដង ។
ចំពោះផាត ម៉ាហាវិញតាំងពីគេឆ្លងដែនមកប្រកួតស្រុកខ្មែរគេត្រូវអ្នកប្រដាល់កម្ពុជាវ៉ៃឲ្យសន្លប់រហូត ។តាមពិតអ្នកប្រដាល់រូបនេះវ៉ៃល្អនិងរហ័សគ្រាន់បើដែរតែចិត្តគេតូចនិងមិនសូវមានចិត្តអំណត់ ។
អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។រីឯអ្នកប្រដាល់
កម្ពុជាឃីម បូរ៉ាវិញគេមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៧៩ដង ចាញ់២៨ដង និងស្មើពិន្ទុ ២ ដង ។ ជំនួបនេះគេជឿថាឃីម បូរ៉ាមានឱកាសឈ្នះច្រើនជាង ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មា ស សែនសុខជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិ(Phat Chhayakphum) ។
ផាត ឆាយ៉ាកភូមិជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះគេធ្លាប់
ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរកន្លងមកដែរតែមិនបានទទួលជោគជ័យ ។ មួយប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេជួបបរាជ័យទាំងមិនអស់ចិត្ត តែសម្រាប់ការជួបជាមួយសាវិនមិនមែនជារឿងងាយស្រួលឡើយ ។
សាវិនជាជើងខ្លាំងមួយរូបដែលលំបាកបង្ក្រាបណាស់ ។កែង ជង្គង់ ទាត់ កណ្ដាប់ដៃរបស់វ៉ៃចេញរហ័សធ្ងន់
ហើយការវ៉ៃចេញចំគោលដៅទៀតផង ។ មួយប្រកួតដំបូងរបស់សាវិនបានទទួលជ័យជំនះតែសម្រាប់ការប្រកួត
លើកទី២នេះមិនប្រាកដឡើយ ។
សាវិនមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៨ដង ចាញ់២០ដង និងស្មើពិន្ទុ៥ដង ។ ផាត ឆាយ៉ាកភូមិវិញមាន
ប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៧០ដង ចាញ់១៥ដង និងស្មើពិន្ទុ ១ ដង ។នរណាឈ្នះក្នុងការប្រកួតទី២នេះ ?