សេង សូណាបង្ហាញសម្រស់ដើមទ្រូងសិចស៊ីជ្រុលពេក ត្រូវ ផ្អាកមិនឲ្យសម្តែងលើទូរទស្សន៍
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករ ដែលមានមុខរបរពាក់ព័ន្ធនិងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្តែងសិចស៊ី កញ្ញា សេង សូណា ចូលរួមសម្ដែង រយៈពេល១ឆ្នាំ។
បើតាមលិខិតរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨នេះ ផ្ញើជូនទៅប្រធានសមាគមទូរទស្សន៍កម្ពុជា លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨បានសម្រេចដាក់ពិន័យផ្អាកតារាសម្ដែង កញ្ញាសេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ នឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្ដែងថតខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ទូរទស្សន៍ ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩»។
លិខិតដដែលបានបញ្ជាក់ថា៖ «ដោយមូលហេតុតារាសម្ដែងរូបនេះតែងតែនៅបន្ដការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ដ និងបណ្ដាញព័ត៌មាន»។
ជុំវិញបញ្ហានេះតារាសម្តែង សេង សូណា នៅមិនទាន់អាចស្វែង រកការបញ្ជាក់បាននៅឡើយទេ នៅថ្ងៃទី១៨ខែកញ្ញានេះ ៕
ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនទៅប្រធាន សមាគមទូរទស្សន៍កម្ពុជា៖