ចាប់ខ្លួនអ្នកយកព័ត៌មានTNM ចំនួន២នាក់ ក្នុងករណីញុះញង់ នឹងផ្សាយព័ត៌មានមិនពិត
ខេត្តពោធិសាត់: សមត្ថកិច្ចបានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកយកព័ត៌មាន ទូរទស្សន៍អនឡាញ TNM ចំនួន២នាក់ ក្នុងករណីញុះញង់ និងផ្សាយព័ត៌មានមិនពិត នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទូរទស្សន៍អនឡាញ TNM មានលោកសែម បូរ៉ា ជាចាងហ្វាង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖ ១.ឈ្មោះ មិន ផុន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ អ្នកយកព័ត៌មានTNM រស់នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២.ឈ្មោះ សារ: ដារ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកយកព័ត៌មានTNM រស់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង កសាងនិតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត។
មកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ពីនាយកព័ត៌មាន TNM ថាជាការពិតឬយ៉ាងណានោះទេ៕