ពលករខ្មែរម្នាក់ទៅធ្វើការនៅថៃ តែត្រូវក្មេងស្ទាវថៃវាយសម្លាប់
បន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ ត្រូវក្មេងស្ទាវថៃ វាយសម្លាប់ពេលចេញពីធ្វើការ ដោយមិនដឹងពីមូលហេតុ ។ ក្រោយពីកើតហេតុហើយភាគីថៃ បានដឹកសពតាមរថយន្តបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពឲ្យសាច់ញាតិ នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
តម្រួតថៃបានប្រាប់សមត្ថកិច្ចខ្មែរ ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ ភក្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជាជាង មានស្រុកកំណើត នៅភូមិឃីឡែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសាច់ញាតិជនរងគ្រោះប្រាប់ថា ក្រុមក្មេងស្ទាវដែលវាយសម្លាប់ជនរងគ្រោះនោះ គេសង្ស័យជាអំពើឃាតកម្ម ក្មេងស្ទាវ១ក្រុមនោះត្រូវបានសមត្ថកិច្ចថៃ ធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ហើយ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
ជនរងគ្រោះបានជិះម៉ូតូត្រឡប់ពីធ្វើការវិញ ត្រូវបានក្មេងស្ទាវជាជនជាតិថៃមួយក្រុម ជិះម៉ូតូតាមព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ ពេលដែលបញ្ជូនដល់មន្ទីរពេទ្យ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ ហេតុការណ៍ខាងលើកើតឡើងនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីម៉ោង១០យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨៕