ស្ដ្រីម្នាក់ដែលប្រើហិង្សា លើកុមារអាយុ៥ឆ្នាំ យ៉ាងព្រៃផ្សៃនៅ ខណ្ឌទួលគោក ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលប្រើប្រាស់អំពើហិង្សា យ៉ាងព្រៃផ្សៃ លើកុមារីអាយុ៥ឆ្នាំ នៅខណ្ឌទួលគោក ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានឲ្យដឹងថា ស្ដ្រីដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សានេះឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ខណៈកុមារីរងគ្រោះអាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនសង្ស័យឲ្យមើលថែកូនអាយុ២ឆ្នាំ ហើយករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានចេញសេចក្ដីថ្លែងការណ៍ ស្តីពីករណីហិង្សាដោយចេតនារបស់លោកស្រី ចាន់ ធីតា ទៅលើកុមារី កង ស្រីកា ជាកុមារបម្រើតាមផ្ទះ អាយុ៥ឆ្នាំ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមថ្កោលទោសដាច់អហង្កា មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនសង្ស័យឱ្យមើលថែកូនអាយុ២ឆ្នាំ ដែលករណីនេះបានកើត ឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ករណីនេះសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជន សង្ស័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើ ហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែល ជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹង បំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត។
សូមរំលឹកផងដែរថា ស្ត្រីម្នាក់បានប្រើអំពើហិង្សាវៃធ្វើក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយះពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន និង លោក វរសេនីយ៍ឯក សុខ ហេងធីអិនការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលាម៉ោងប្រហែល ២៣:៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។
បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។ ចំណែកស្រ្តីជនសង្ស័យ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕