ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីរង់ចាំ៤៩ឆ្នាំ ហែលទឹក បានឈ្នះមេដាយឡើងវិញ

186

ភ្នំពេញ៖អត្តពលិកកីឡាហែលទឹកកម្ពុជាវិញ្ញាសាហែលពាក់ជើងទា បែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Fin swimming-Men’s Relay 4 x 200m Surface) ទទួលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលទើបតែធ្វើពិធីបិទបញ្ចប់នេះ។
លោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា
សម្រាប់ការឈ្នះមេដាយលើកនេះក៏ជាការឈ្នះមេដាយលើកដំបូងក្នុងរយៈពេល៤៩ឆ្នាំចុងក្រោយ លើប្រភេទកីឡាហែលទឹក (Aquatic) នៅស៊ីហ្គេម។

កម្ពុជា ឈ្នះមេដាយចុងក្រោយ គឺកាលពីឆ្នាំ១៩៧៣ ក្នុងស៊ីហ្គេម លើកទី៧ នៅប្រទេសសិង្ហបុរី។ លោក ហែម គីរី ថាការឈ្នះនេះ គឺរង់ចាំយូរមកហើយ ដោយអាចនិយាយបានថាមិនមែនត្រឹមតែឆ្នាំនោះទេ ប៉ុន្តែឈានចូលដល់ជំនាន់ ត្បិតកម្ពុជា ធ្លាប់ឈ្នះមេដាយលើប្រភេទកីឡានេះតាំងពីទស្សវត្ស៍ទី៧០ មកម៉្លេះ។

ការទទួលបានមេដាយសំរឹទ្ធនេះគឺជាការឈ្នះមេដាយលើកដំបូងលើវិញ្ញាសាហែលទឹកពាក់ជើងទា នៅស៊ីហ្គេម សម្រាប់កម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី១ នៅឆ្នាំនេះ ខណៈវិញ្ញាសានេះ ត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០០៣។ លោក អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្ដែងក្ដីមោទកភាព និងចាត់ទុកថា ជាយុទ្ធសាស្ត្រសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ហែម គីរី និយាយថាសម្រាប់ពួកគាត់គឺខ្ញុំមោទនភាព ដែលគាត់ទាំង ៦នាក់ ប្រឹងប្រែងឆ្លងកាត់ការលំបាកជាច្រើន ព្យាយាមតស៊ូ ជម្នះគ្រប់ឧបសគ្គទាំងអស់គ្នា ជាពិសេសគឺសហព័ន្ធខ្មែរកីឡាហែលទឹក មានថ្នាក់ដឹកនាំគឺឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលលោកជាប្រធាន។

ពេលនេះយើងអាចបង្ហាញថាកម្ពុជាយើងអាចធ្វើបានឲ្យតែយើងមានការតស៊ូព្យាយាម អត់ធ្មត់។អ្វីទាំងអស់នេះកើតឡើងមិនមែនដោយចៃដន្យទេគឺយើងមានការព្យាយាមតស៊ូយ៉ាងខ្លាំងឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសគឺផ្លូវអារម្មណ៍ដែលប្រភេទកីឡាហែលទឹកតែងតែរងសម្ពាធ។តាមពិតទៅគឺខ្ញុំព្យាយាមគិតថាវាជារឿងដែលល្អសម្រាប់ការចាប់ផ្ដើមរបស់សហព័ន្ធខ្មែរកីឡាហែលទឹកគឺលទ្ធផលមួយនេះធ្វើឲ្យមានការលើកទឹកចិត្តដល់កីឡាករកីឡាការិនីវ័យក្មេងរបស់យើង។ទាំងកីឡាករកីឡាការិនីរបស់យើងគឺគាត់ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បី
ជាតិ។

លោកទទួលស្គាល់ថាពិតជាមានការលំបាកក្នុងការទទួលបានលទ្ធផលមួយនេះ។ ខ្ញុំមានតែការអរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមប្រធាន ក្រុមការងារ គ្រូបង្វឹក កីឡាករកីឡការិនី។ថ្វីដ្បិតតែយើងទៅលើកនេះកីឡាការិនីរបស់យើងមិនទាន់ទទួលបានលទ្ធផលជាមេដាយប៉ុន្តែពួកគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពហើយបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រដែលយើងនឹកស្មានមិនដល់ព្រោះជាលើកទី១សម្រាប់ការឈានចូលការប្រកួតប្រភេទកីឡាហែលទឹកពាក់ជើងទានេះ។ វាជាយុទ្ធសាស្ត្រសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឈានទៅរកមេដាយនៅក្នុងកីឡាស៊ីហ្គេម ២០២៣។
យើងឃើញជាក់ស្ដែងសឹងតែជាប្រភេទកីឡាមិនធ្លាប់មានមេដាយសោះលើកនេះគឺ
យើងបានបង្ហាញអំពីសមិទ្ធផលថ្មីលទ្ធផលថ្មីជាពិសេសគឺយើងបានបង្ហាញថាការតស៊ូព្យា
យាមអត់ធ្មត់របស់ពួកយើងគឺនឹងទទួលបានលទ្ធផលនៅថ្ងៃណាមួយ។ជាក់ស្ដែងគឺក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាយើងគឺព្យាយាមរយៈពេលយូរហើយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៧៣ អត្តពលិកកីឡាហែលទឹកកម្ពុជា ឈ្នះមេដាយ ១៣គ្រឿង ក្នុងនោះមាស ២គ្រឿង ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៤គ្រឿង ប៉ុន្តែពេលនោះ ពុំទាន់មានវិញ្ញាសាហែលពាក់ជើងទា នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង