ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងលោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបាន តម្កល់ទុកនៅក្រសួងមហាផ្ទៃ

52

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ខែឧសភានេះ បានចេញលិខិតជម្រាបជូន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ករណីការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

យោង៖- ច្បាប់ស្តីពីគណបក្សនយោបាយ

– ប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ

– លិខិតលេខ ២០២៤ សជណ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ

– លិខិតលេខ ៥០០ សជណ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ

– លិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

– សេចក្តីសម្រេចលេខ ៥១៧/២២ គភទ.សសរ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ របស់គណបក្ស ភ្លើងទៀន

– សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សម្ដេចក្រឡាហោម ស ខេង សូមជម្រាបជូនលោកប្រធានគណបក្សថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្ដីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង