បញ្ចេញថវិកា២២លានដុល្លារ សម្រាប់ដោះស្រាយករណីទាមទារប្រាក់សំណង រឿងថៅកែរត់ចោល
ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់កម្មករ-កម្មការិនី កុំធ្វើសកម្មភាពបិទផ្លូវ ដើម្បីតវ៉ាទាមទារបញ្ហាផ្សេងៗ ដូចជា ករណីទាមទារប្រាក់សំណង រឿងថៅកែរត់ចោល ជាដើម។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនឲ្យកម្មករ-កម្មការិនី បាត់បង់ប្រាក់នោះទេ ហើយសម្តេចបានបញ្ចេញថវិកា២២លានដុល្លារ សម្រាប់ដោះស្រាយរឿងនេះ រួចមកហើយ។ ការយកផ្លូវធ្វើជាចំណាប់ខ្មាំង ដើម្បីតវ៉ានេះ មិនមែនជារឿងល្អនោះទេ ព្រោះមិនមែនប៉ះពាល់ ថៅកែរោងចក្រទេ តែប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេស វាអាចប៉ះពាល់ ដល់អ្នកត្រូវទៅរកសេវាសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យថែមទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថានេះ គឺជាជំនួបលើកទី១ ក្នុងអាណត្តីថ្មីទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានបង្កើតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា កម្ពុជាកំពុងជំរុញការអនុវត្តន៍ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ដើម្បីវិវឌ្ឍន៍ឈានទៅប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ៣០២៣ និងសម្រេចទិសដៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូល ខ្ពស់នៅក្នុងឆ្នាំ២០៥០។ បច្ចុប្បន្នកម្ពុជាកំពុងពង្រាយរោងចក្រ សហគ្រា តាមបណ្តាលខេត្តនានា ដើម្បីបង្កើនផលិតផលឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរោងចក្រ សហគ្រា និងកម្មករ ត្រូវបន្តរួមគ្នារក្សាសន្តិភាព និងត្រូវចាត់ទុករោងចក្រជាសហគមន៍ដ៏ល្អមួយ ដែលម្ចាស់រោងចក្រ និងកម្មករនិយោជិត ចេះរួមរស់ជាមួយគ្នា គោរពយោគយល់គ្នាទៅវិញទៅមក និងត្រូវរួមគ្នារក្សាការងារឲ្យបានគង់វង្ស។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការអំពាវនាវសារជាថ្មីឲ្យរោងចក្រ សហគ្រា មួយចំនួនដែលមិនបានចុះបញ្ជីរ សូមមកចុះបញ្ជី ដើម្បីផ្តល់ឱកាសឲ្យកម្មករនៃរោងចក្រ របស់ខ្លួន ទទួលបានសេវាគាំពារសង្គម ដោយមិនគិតថ្លៃ សេវាព្យាបាលជំងឺ និងស្ត្រីដែលឆ្លងទន្លេ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្សចំនួនថា ការបោះឆ្នោតនៅកម្ពុជា មានតែការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នៅ២០២២ និងជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ មិនមានការបោះឆ្នោតឡើងវិញ ដូចការលើកឡើង និងការចង់បានណាមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសួរថា តើនរណាថ្លើមធំ និងក្បាលធំហ៊ានដកអាសនៈ របស់កម្ពុជា ពីអង្គការសហប្រជាជាតិ ហើយ ត្រូវតែរក្សាឯករាជ្យ និងអធិបតេយ្យជាតិ របស់កម្ពុជា ហើយមិនឱនក្បាលចំពោះ ជនបរទេសណាទាំងអស់ ហើយអត់ត្រូវឲ្យមាននរណាមកកៀបនរណានោះឡើយនៅលើលោកនេះ។ នាពេលខាងមុខនេះ សម្តេច នឹងទៅជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅញូវយ៉ក សម្តេច នឹងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្តេចបានត្រៀមកម្លាំងរួចហើយ ដើម្បីពង្រីកទៅប្រទេសផ្សេងៗទៀត ក្នុងបេសកកម្មរក្សាសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅតែបន្តយកចិត្តទុកដាក់ ហើយរំពឹងថា ចប់អាណត្តិរាជរដ្ឋាភិបាលទី៦នេះ ប្រាក់ចំណូលប្រជាពលរដ្ឋនឹងកើនឡើងដល់ជាង ២ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ឆ្នាំ២០១៨នេះ មានរយៈពេល១៩ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច បានដាក់ចេញគោលនយោបាយ ពង្រាយរោងចក្រទៅតាមខេត្ត ដើម្បីផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋ។ ការប្រឹងប្រែងពង្រាយ រោងចក្រទៅតាមបណ្តាខេត្ត ជានយោបាយដ៏ល្អ ហើយក៏អាចនិយាយបានថា ជាជោគជ័យមួយ។
សម្តេចតេជោ បានថ្លែងថា គ្រាប់បែកផ្ទុះស្លាប់មនុស្សតែមួយក្រុម ឬមួយកន្លែងប៉ុណ្ណោះ តែបើគ្រាប់បែកផ្នែកសេដ្ឋកិច្ចផ្ទុះឡើងវិញ គឺស្លាប់ប្រជាពលរដ្ឋមួយប្រទេស ដែលជាហេតុទាមទារ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសេដ្ឋកិច្ច។ សម្តេចតេជោ ក៏បានអំពាវនាវ ដល់ភាគីថៅកែរោងចក្រ និងកម្មករ-កម្មការិនី ត្រូវរួមគ្នារក្សាបរិយាកាសការងារ នៅតាមរោងចក្រ ឲ្យកាន់តែល្អប្រសើរ។ កម្មករ-កម្មការិនីទាំងអស់ ត្រូវប្រឹងប្រែង បង្កើនសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីបង្កើនផលិតភាព ក្នុងការផលិត៕