ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបរវាងរដ្ឋមន្រ្តីការបរទេស ជប៉ុននិងកម្ពុជា ពង្រឹងនូវទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត

123


ប្រទេសជប៉ុន៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន នៅវេលាម៉ោង១១:៣០ព្រឹកថ្ងៃទី១៩ខែកញ្ញានេះ លោកប្រាក់​ សុខុម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានជួបពិភាក្សាទ្វេភាគីជាថ្មីម្តងទៀតជាមួយ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន ។

លោកប្រាក់​ សុខុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រសួងការបរទេសជប៉ុន ដែលបានផ្តល់បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ និងគណៈប្រតិភូ ។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “ប្រទេសជប៉ុន ជាប្រទេសទីមួយ ដែលខ្ញុំមកធ្វើទស្សនកិច្ច បន្ទាប់ពីខ្ញុំត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មី ដែលទើបបង្កើតឡើង កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ “។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់លោកម Shinzo ABE នាយករដ្ឋមន្រ្តីជប៉ុន និងលោកTaro KONO រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានផ្ញើលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ចំពោះការតែងតាំង និងការបង្កើតរាជរដ្ឋាភិបាលថ្មី ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអរគុណជំនួយរបស់ជប៉ុន ដែលបានចូលរួមចំណែក ដល់ការអភិឌ្ឍកម្ពុជា យ៉ាងធំធេង ដូចជាការតភ្ជាប់ ការពង្រឹងនីតិរដ្ឋ និងការធានាសន្តិភាព និងសន្តិសុខ ។

គួររំលឹកផងដែរថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ។ ប្រទេសយើងទាំងពីរ បានឯកភាពគ្នារៀបចំសកម្មភាព រួមគ្នាមួយចំនួន ទាំងនៅកម្ពុជា និងនៅជប៉ុន ។ ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជាលើកនេះ ក៏ជាសកម្មភាពមួយ បំពេញបន្ថែមលើការអបអរខួបអនុស្សាវរីយ៍នេះ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ។

ប្រមុខការទូតកម្ពុជា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាលើកនេះ នឹងចូលរួមចំណែក ក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងនៅលើឆាកអន្តរជាតិ។ កម្ពុជាក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការយ៉ាងជិតស្និទ្ធ ជាមួយជប៉ុន ដែលជាប្រធាន និងជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១០ នៅខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុនពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីរបស់លោក គឺលោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងបន្តដោយការពិសាអាហារថ្ងៃត្រង់ការងារ។ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរលង់ លោកឧបនាយករដ្ឋមន្រ្តី នឹងធ្វើការពិភាក្សាត្រង់ទៅ ត្រង់មក និងផ្លាស់ប្តូរទស្សនៈគ្នា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមក ដល់ប្រជាជន និងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី ក៏មានគម្រោងជួបជាមួយឥស្សរជនសំខាន់ៗ របស់ជប៉ុន ដូចជា លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាកម្ពុជា-ជប៉ុន លោក ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)៕

អត្ថបទដែលជាប់ទាក់ទង